ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីទីក្រុងនានាដែលតាលីបង់ដណ្តើមបាននៅភាគខាងជើងដោយអ្នកខ្លះរៀបរាប់ពីការធ្វើបាបយ៉ាងឃោរឃៅដោយក្រុមបះបោរនេះ ពោលគឺ សាកសពរាយបាយពេញដងផ្លូវ ក្មេងស្រីត្រូវបានចាប់ពង្រត់ដើម្បីក្លាយជាកូនក្រមុំរបស់ពួកតាលីបង់ហើយបុរសវ័យក្មេងត្រូវបានបង្ខំឱ្យចូលរួមប្រយុទ្ធ។
មនុស្សជាច្រើនបានមកដល់ទីក្រុងកាប៊ុលនៅសប្តាហ៍នេះ បន្ទាប់ពីការវាយលុកពីក្រុមតាលីបង់រយៈពេល ៥ ថ្ងៃ ដែលឃើញពួកគេដណ្តើមបានទីរួមខេត្តចំនួនប្រាំបីដែលទីរួមខេត្តខ្លះសឹងតែដណ្តើមបានដោយគ្មានការប្រយុទ្ធ។
ប៉ុន្តែនៅកន្លែងណាដែលមានការប្រយុទ្ធតតាំង អ្នកដែលរត់គេចខ្លួនបានរៀបរាប់ពីទិដ្ឋភាពគួរឱ្យរន្ធត់។
លោកស្រីហ្វ្រីបាអាយុ ៣៦ ឆ្នាំជាស្ត្រីមេម៉ាយម្នាក់ដែលបានរត់គេចពីទីក្រុងឃុនឌូសកាលពីថ្ងៃអាទិត្យជាមួយកូនៗប្រាំមួយនាក់របស់គាត់ បាននិយាយថា”យើងបានឃើញសាកសពគរក្បែរពន្ធនាគារ…មានឆ្កែនៅក្បែរពួកគេ”។
ដូចមនុស្សជាច្រើនទៀតដែលនិយាយជាមួយទីភ្នាក់ងារសារព័ត៌មាន AFPដែរ លោកស្រីសុំមិនបង្ហាញអត្តសញ្ញាណពេញលេញដោយសារខ្លាចការសងសឹក។
សង្គ្រាមបានបង្កើនល្បឿនចាប់តាំងពីដើមខែឧសភានៅពេលដែលកងកម្លាំងបរទេសបានចាប់ផ្តើមដំណាក់កាលចុងក្រោយនៃការដកកងទ័ពចេញដែលគ្រោងនឹងបញ្ចប់នៅចុងខែសីហានេះ។
ក្នុងអំឡុងពេលកាន់អំណាចដំបូងរបស់ពួកគេចាប់ពីឆ្នាំ ១៩៩៦ រហូតដល់ការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ដែលជំរុញឱ្យមានការឈ្លានពានដឹកនាំដោយអាម៉េរិក ក្រុមតាលីបង់មានកេរ្តិ៍ឈ្មោះល្បីល្បាញខាងការបកស្រាយយ៉ាងតឹងរ៉ឹងអំពីច្បាប់អ៊ីស្លាម ដែលដាក់ទណ្ឌកម្មសូម្បីតែបទល្មើសតូចតាចជាមួយការវាយដំនិងការប្រហារជីវិតជាសាធារណៈ។
ប៉ុន្តែពួកតាលីបង់ក៏ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមលើយុទ្ធនាការលើកនេះផងដែរ ដោយផ្តោតការសម្លាប់លើមន្ត្រីរដ្ឋាភិបាលនិងបុគ្គលិកសន្តិសុខជាពិសេសនៅក្នុងតំបន់ដែលពួកគេជួបការតតាំង៕