បាងកក៖ ក្រោយចំនួនឆ្លងកូវីដ១៩នៅថៃបានធ្លាក់មកនៅជាង១៩.០០០នាក់អស់ពីរថ្ងៃជាប់គ្នា នៅថ្ងៃពុធទី១១សីហានេះក្រសួងសុខាភិបាលថៃបានប្រកាសរកឃើញអ្នកឆ្លងថ្មី២១.០៣៨នាក់និងអ្នកជំងឺ២០៧នាក់បានស្លាប់នៅ២៤ម៉ោងកន្លងទៅ។
ទោះជាឆ្លងថ្មី២១.០៣៨នាក់ ក៏អ្នកជំងឺកូវីដ១៩ជាចេញពីពេទ្យមានចំនួនដល់ទៅ២២.០១២នាក់។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃ១មេសា ពេលការផ្ទុះកូវីដ១៩រលកទី៣បានចាប់ផ្តើម មានអ្នកឆ្លង៧៨៨.១២៦នាក់ ដែលនាំអោយចំនួនឆ្លងទូទាំងប្រទេសចាប់តាំងពីដើមឆ្នាំមុនមកឡើងដល់៨១៦.៩៨៩នាក់ និង៦.៧៩៥នាក់ស្លាប់។
ក្នុងពេលជាមួយគ្នា សាស្ត្រាចារ្យនៅមហាវិទ្យាល័យវេជ្ជសាសស្ត្រនៅមន្ទីរពេទ្យSirirajលោក ប្រាស៊ីត វ៉ាតតាណាផា បាននិយាយថា វ៉ាក់សាំងតែមួយមុខមិនអាចំទប់ស្កាត់កូវីដ១៩បានទេនិងទទូចអោយប្រជាជនថៃចូលរួមអនុវត្តវិធានការប្រឆាំងជំងឺឆ្លងនេះ។
បើតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ(DMS)វីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទDelta កំពុងចម្លងរាតត្បាតពេញប្រទេសថៃដោយគ្របលើវីរុសកូរ៉ូណាប្រភេទផ្សេងៗដោយសារតែវត្តមានរបស់វាត្រូវបានរកឃើញនៅក្នុងខេត្ត៧៦ក្នុងចំណោម៧៧ខេត្តរបស់ថៃ ដោយគ្របលើវីរុសប្រភេទAlphaស្ទើរទាំងស្រុង។
វីរុសបំប្លែងខ្លួនDeltaដែលគេរកឃើញដំបូងនៅឥណ្ឌា ឥឡូវក្លាយជាក្តីបារម្ភធំរបស់ពិភពលោក ដោយសារតែកំរិតឆ្លងរបស់វាខ្ពស់ជាងAlphaដល់ទៅ៤០ភាគរយ។
លោកវេជ្ជបណ្ឌិត ស៊ូផាគីត ស៊ីរីឡាក់ អគ្គនាយកDMSបាននិយាយថា វីរុសDeltaនៅតែត្រួតត្រាលើវីរុសនានានៅក្នុងក្រុងបាងកក គឺ៩២ភាគរយ ខណៈAlphaមានត្រឹមតែ៤,៦ភាគរយ។នៅតាមខេត្ត វត្តមានរបស់វាមានចំនួន៨៣ភាគរយ ហើយ១៦ភាគរយទៀតជាAlpha ។
ថៃក៏មានវីរុសបំប្លែងខ្លួនប្រភេទBeta តែនៅមិនទាន់មានវីរុសប្រភេទLambdaដែលគេរកឃើញនៅអាហ្វ្រិកខាងត្បូងនៅឡើយទេ៕