ឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ រីឯពលរដ្ឋកម្ពុជាចេញទៅក្រៅប្រទេសមានជាង ១ម៉ឺននាក់

(ភ្នំពេញ)៖ នៅអំឡុងពេលឆមាសទី១ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ១០២,៥៦០នាក់ ថយចុះ ៩១.៣% ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេស មានចំនួន ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែល ទទួលបាននាថ្ងៃទី១០ ខែសីហានេះ។

របាយការណ៍បានបញ្ជាក់ថា រយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៥៦០ នាក់ ថយចុះ ៩១.៣% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ក្នុងនោះភ្ញៀវអន្តរជាតិដែលមកតាមផ្លូវអាកាស ៤៦,២៤៩ នាក់ ថយចុះ ៩៣.២% មកតាមផ្លូវគោក ៥៦,៣០៩ នាក់ ថយចុះ ៨៧.៤% និងមកតាមផ្លូវទឹកមានតែ ២ នាក់ប៉ុណ្ណោះ។

ក្រសួងទេសចរណ៍បានបង្ហាញអំពីទីផ្សារទេសចរណ៍សំខាន់ៗទាំង ១០ ផងដែរ រួមមាន៖

១. ទេសចរថៃ ៥២,២៩០ នាក់ ថយចុះ ៦៧.៥%

២. ទេសចរចិន ២៩,៧៥១ នាក់ ថយចុះ ៨៩.២%

៣. ទេសចរវៀតណាម ៦,៩៥៦ នាក់ ថយចុះ ៩៦.១%

៤. ទេសចរឥណ្ឌូណេស៊ី ៣,៤១៥ នាក់ ថយចុះ ៧៤.៣%

៥. ទេសចរកូរ៉េខាងត្បូង ១,៨៣៣ នាក់ ថយចុះ ៩៦.៥%

៦. ទេសចរសហរដ្ឋអាមេរិក ១,៥៩០ នាក់ ថយចុះ ៩៧%

៧. ទេសចរចិនមកពីកោះតៃវ៉ាន់ ១,៥០៤ នាក់ ថយចុះ ៩២.៨%

៨. ទេសចរម៉ាឡេស៊ី ៨៨៣ នាក់ ថយចុះ ៩៦.៥%

៩. ទេសចរជប៉ុន ៧៩០ នាក់ ថយចុះ ៩៨%

១០. ទេសចរបារាំង ៦៤៨ នាក់ ថយចុះ ៩៨.៥%។

បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរផ្ទៃក្នុងនៅឆមាសទី១ ឆ្នាំ២០២១ គឺមានចំនួនសរុប ១,៩៨២,៦៤១ នាក់ ថយចុះ ៣៧.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ចំណែកឯទេសចរបរទេសផ្ទៃក្នុងមានចំនួនសរុប ១៤១,៩៨៨ នាក់។

ចំណែកឯភ្ញៀវទេសចរកម្ពុជាដែលបានចេញទៅក្រៅប្រទេស នៅឆមាសទី១ ឆ្នាំ២០២១ នេះដែរ គឺមានចំនួនសរុប ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០៕