(រ៉ង់ហ្គូន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reutersបានអោយដឹងថា
សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃអង្គារ ទី១០ ខែសីហានេះថា ខ្លួននឹងផ្តល់ជំនួយជាង ៥០លាន ដុល្លារអាមេរិកជូនដល់ប្រទេសមីយ៉ាន់ម៉ា ខណៈការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ បានធ្វើឱ្យ វិបត្តិមនុស្សធម៌នៅក្នុងប្រទេសមួយនេះកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីយោធាបានទម្លាក់ រដ្ឋាភិបាល ជាប់ឆ្នោតតាមបែបលិទ្ធិប្រជាជាធិបតេយ្យកាលពីដើមឆ្នាំនេះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា សហរដ្ឋអាមេរិកក៏នឹងផ្តល់ជំនួយជូនដល់ប្រទេសថៃចំនួន ៥លានដុល្លារអាមេរិក ដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ។
ក្រសួងការបរទេសបានគូសបញ្ជាក់ថា នៅមីយ៉ាន់ម៉ាការផ្តល់មូលនិធិរបស់អាមេរិក នឹងជួយដល់អ្នក ដែលបង្ខំឱ្យរត់គេចពីអំពើហិង្សា និងការធ្វើទុក្ខបុកម្នេញ ព្រមទាំងជួយដល់ក្រុមផ្តល់សេវាថែទាំសុខ ភាព បន្ថែមលើវត្ថុចាំបាច់ដូចជាអាហារ ជម្រក និងទឹកជាដើម។
លោក Price បានកត់សម្គាល់ថា ការប្រកាសផ្តល់ជំនួយនេះ ធ្វើឡើងនៅក្នុងដំណាក់កាលដ៏សំខាន់ នៃការបង្កើនជំនួយមនុស្សធម៌ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ទៅលើ ជីវិតប្រជាជននៅទូទាំងប្រទេសថៃ និងភូមា៕