ព្រឹកនេះវៀតណាមរកឃើញអ្នកឆ្លងជាង៥ពាន់នាក់ទៀតបន្ទាប់ពីឆ្លងជាង៩.០០០នាក់និងស្លាប់៣៦០នាក់កាលពីថ្ងៃចន្ទ

ហាណូយ៖វៀតណាមនៅព្រឹកថ្ងៃអង្គារទី១០សីហានេះបានរាយការណ៍អ្នកឆ្លងកូវីដ១៩ចំនួន៥.១៤៤នាក់ ដែលនាំអោយចំនួនឆ្លងសរុបចាប់តាំងពីថ្ងៃ២៧ ខែមេសាឆ្នាំ២០២១មកឡើងដល់២២០.៩០៦នាក់។

ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃចន្ទក៏បានប្រកាសអ្នកឆ្លងថ្មីចំនួន៤.១៨៣នាក់ ដែលធ្វើអោយចំនួនឆ្លងពេញមួយថ្ងៃឡើងដល់៩.៣២៣នាក់ ក្នុងនេះទីក្រុងហូជីមិញដែលជាចំណុចផ្ទុះកូវីដ១៩បច្ចប្បន្ន មានអ្នកឆ្លង៣.៩៩១នាក់កាលពីម្សិល ហើយករណីសេសសល់ត្រូវបានរកឃើញនៅ២៧ខេត្តក្រុងផ្សេងទៀត។

វៀតណាមកាលពីថ្ងៃចន្ទក៏បានប្រកាសអ្នកស្លាប់ដោយកូវីដ១៩ចំនួន៣៦០នាក់នៅ៤ទីតាំង រួមមានក្រុងហូជីមិញ ២៦៩នាក់។ចំនួននេះធ្វើអោយក្រុងហូជីមិញមានអ្នកអ្នកស្លាប់ដោយកូវីដ១៩នៅរលកថ្មីជាង៣ខែមកនេះឡើងដល់៣.៧៥៧នាក់។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានចាក់វ៉ាក់សាំងអោយប្រជាជនខ្លួនបានជាង៩,៤លាននាក់ ក្នុងនេះជិត១លាននាក់បានចាក់២ដូសសព្វគ្រប់។

ក្រុងហាណូយ រកឃើញអ្នកឆ្លងថ្មី៥០-៧០នាក់ក្នុងមួយថ្ងៃនៅកន្លះខែមកនេះ ហើយថ្ងៃខ្លះចំនួនឆ្លងឡើងហួស១០០នាក់។ដោយសារតែកំណើននៃការឆ្លងកូវីដ១៩ រដ្ឋធានីវៀតណាមកាលពីថ្ងៃចន្ទបានបន្តការអនុវត្តគម្លាតសង្គម២សប្តាហ៍ទៀតរហូតដល់ថ្ងៃ២៣សីហា៕