ពលករខ្មែរ២០នាក់ដែលចាញ់បោកមេខ្យល់ ត្រូវបានជួយសង្រ្គោះ

ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា កាលពីថ្ងៃទី ៩ ខែ សីហា ម្សិលមិញនៅម៉ោងប្រមាណ ៨:៣០យប់ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានទទួល ព័ត៌មានពីអាជ្ញាធរថៃស្រុកតាប្រាយ៉ាខេត្តស្រះកែវថាមានពលករខ្មែរប្រមាណ២០នាក់ត្រូវបានចាញ់បោកមេខ្យល់ដឹកមកទម្លាក់ចោលនៅពីរកន្លែងផ្សេងគ្នា។

ប្រភពបន្តថា ភ្លាមនោះ ក្រុមការងាររបស់ ស្ថានអគ្គកុងស៊ុលបានចុះទៅសហការជាមួយអាជ្ញាធរពាក់ព័ន្ធថៃ និងកម្ពុជា ដើម្បីសម្របសម្រួល និងបញ្ជូនពលករខ្មែរទាំង២០នាក់ (ប្រុស៧នាក់-ស្រី១៣នាក់ និងកូនក្មេង៣នាក់)យកទៅដាក់ នៅទីតាំងមាត់ច្រកព្រំដែនស្រុកតាប្រាយ៉ា (ខេត្តស្រះកែវ)-បឹងត្រកួន (ខេត្តបន្ទាយមានជ័យ)ដើម្បី ងាយស្រួលដល់ អាជ្ញាធរថៃ-កម្ពុជាក្នុងការគ្រប់គ្រង និង ផ្តល់ទីជម្រកសុវត្ថិភាពជូនពួកគាត់។

ជាមួយគ្នានេះក្រុមការងារបាននាំយក ស្បៀងអាហារ មានដូចជា មីកញ្ចប់ ទឹកសុទ្ធ និងម៉ាស ផ្តល់ជូនពួកគាត់ទាំងអស់ខាងលើសម្រាប់ប្រើប្រាស់ និងទទួលទាន និងស្នាក់នៅ បណ្តោះ អាសន្នរង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ៕