ពួកតាលីបង់ទំនងពិបាកកាន់កាប់អាហ្វហ្គានីស្ថានបានឆាប់ហើយ “សង្គ្រាមស៊ីវិលត្រាំត្រែង” ប្រហែលជានឹងកើតឡើង

អតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអាហ្វហ្គានីស្ថានលោក រ៉ាយអែន ក្រុកឃើ បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC ថា បន្ទាប់ពីការដកទ័ពអាម៉េរិកចេញទាំងស្រុង ក្រុមតាលីបង់នឹងមិនអាចកាន់កាប់អាហ្វហ្គានីស្ថានបានទាំងស្រុងយ៉ាងរហ័សឆាប់នោះឡើយ។

លោកក្រុកឃើនិយាយថា “សង្គ្រាមស៊ីវិលត្រាំត្រែងទំនងជានឹងកើតឡើងជាជាងការកាន់កាប់ប្រទេសទាំងមូលដោយពួកតាលីបង់យ៉ាងឆាប់រហ័ស។ ពួកគេដឹងច្បាស់ណាស់អំពីរឿងនេះ។ពួកគេនឹងមិនបើកការវាយលុកទ្រង់ទ្រាយធំចូលទីក្រុងកាប៊ុលនោះឡើយ”។

អតីតឯកអគ្គរដ្ឋទូតរូបនេះបានបន្ថែមថា បច្ចុប្បន្នអង្គការភេរវករនេះកំពុងព្យាយាម “បង្កើតបរិយាកាសនៃការភ័យខ្លាចនិងការភិតភ័យ” ហើយកំពុងទទួលជោគជ័យក្នុងរឿងនេះ”យ៉ាងអស្ចារ្យ”។

ក្នុងពេលជាមួយគ្នានេះដែរ បើទោះបីជាក្រុមតាលីបង់កំពុងរុញច្រានទីក្រុងកាប៊ុលយ៉ាងណាក៏ដោយ ក៏លោកក្រុកឃើនៅតែមើលមិនឃើញប្រធានាធិបតីអាម៉េរិកចូ បៃដិនដកការសម្រេចចិត្តរបស់លោកក្នុងការគាំទ្រកិច្ចព្រមព្រៀងសន្តិភាពជាមួយតាលីបង់ ដែលសម្រុះសម្រួលដោយលោកដូណាល់ ត្រាំ។

អតីតប្រេសិតរូបនេះជឿថាប្រធានាធិបតីបក្សប្រជាធិបតេយ្យរូបនេះតាំងចិត្តគាំទ្រការសម្រេចចិត្តដកកងទ័ពចេញពីអាហ្វហ្គានីស្ថានឱ្យខាងតែបាន។

លោកក្រុកឃើនិយាយថា “ប្រធានាធិបតីចូ បៃដិនបានបញ្ជាក់ច្បាស់ហើយលើរឿងនេះ។ យើងនឹងចេញក្រៅ ហើយនឹងនៅខាងក្រៅ។ គាត់គោរពសន្យា។ការសម្រេចចិត្តនេះបានក្លាយជាស្នាមប្រឡាក់មិនអាចលុបជ្រះរួចទៅហើយក្នុងអាណត្តិប្រធានាធិបតីរបស់គាត់”៕