នាយករដ្ឋមន្ត្រីលោក មូហ៊ីដឌីន យ៉ាសស៊ីន បាននិយាយកាលពីថ្ងៃអាទិត្យទី៨សីហាថាម៉ាឡេស៊ីនឹងបន្ធូរបន្ថយការរឹតបន្តឹងទប់ស្កាត់កូវីដ១៩មួយចំនួនសម្រាប់ប្រជាជនដែលបានចាក់វ៉ាក់សាំងពេញលេញនៅក្នុងរដ្ឋចំនួនប្រាំបី ដែលបានបំពេញតាមលក្ខណៈវិនិច្ឆ័យនានាដូចជា ចំនួនករណីឆ្លងថយចុះ និង អត្រាចាក់វ៉ាក់សាំងមានខ្ពស់។លោកមូហ៊ីដឌីនបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា វិធានការនានាដែលនឹងអនុញ្ញាតឱ្យទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន លេងកីឡាលក្ខណៈឯកត្តជននៅខាងក្រៅ និង ទេសចរណ៍ឆ្លងរដ្ឋ នឹងចូលជាធរមាននៅថ្ងៃអង្គារទី១០សីហា។
លោកបាននិយាយថា “ខ្ញុំយល់ មនុស្សជាច្រើនគឺធុញទ្រាន់នឹងជំងឺរាតត្បាត ឬ កំពុងដោះស្រាយជាមួយនឹងការអស់កម្លាំងល្ហិតល្ហៃពីជំងឺរាតត្បាត”។ម៉ាឡេស៊ីបានស្ថិតនៅក្រោមការបិទខ្ទប់ចាប់តាំងពីថ្ងៃទី ១ ខែមិថុនាហើយខណៈការឆ្លងប្រចាំថ្ងៃបន្តកើនឡើងដល់កម្រិតកំពូលរដ្ឋមួយចំនួនកាលពីខែមុនបានចាប់ផ្តើមបង្ហាញពីវឌ្ឍភាពប្រឆាំងនឹងជំងឺរាតត្បាត ហើយបានចាប់ផ្តើមដកបម្រាមមួយចំនួនចេញ។
វិធានការដែលបានប្រកាសកាលពីថ្ងៃអាទិត្យនឹងមិនមានឥទ្ធិពលលើរដ្ឋធានីកូឡាឡាំពួនិងតំបន់ជុំវិញរដ្ឋធានីនោះទេ ព្រោះអត្រាឆ្លងនៅតែមានខ្ពស់បំផុតនៅក្នុងប្រទេសដដែល។រដ្ឋាភិបាលក៏នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋនិងអ្នករស់នៅបរទេសដែលចាក់វ៉ាក់សាំងពេញលេញអាចធ្វើចត្តាឡីស័កនៅផ្ទះ ពេលត្រឡប់មកពីបរទេសផងដែរដោយមិនគិតពីស្ថានភាពទីកន្លែងរស់នៅរបស់ពួកគេនោះទេ។លោកមូហ៊ីដឌីននិយាយថា រដ្ឋាភិបាលក៏កំពុងពិចារណាបន្ធូរបន្ថយការរឹតបន្តឹងនៅក្នុងវិស័យផ្សេងៗនៃសេដ្ឋកិច្ចផងដែរ ហើយលោកនឹងធ្វើការប្រកាសក្នុងពេលឆាប់ៗ៕