ភ្នំពេញៈ ស្រូវក្រអូបកំពុងដើរតួរយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា ហើយ ការនាំចេញអង្ករក្រអូបមានចំនួន៥៦,៦% នៃការនាំចេញផលិតអង្ករសរុបនៅឆ្នាំ២០១៦ ក្នុងនោះអង្ករផ្ការំដួលមានចំណែក៣២% ដែលបញ្ជាក់ឲ្យឃើញថា អង្ករក្រអូបកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារអន្តរជាតិ ហេតុដូច្នេះ ក្រសួងកសិកម្មកំពុងជំរុញ “បសិដ្ឋកម្មពូជស្រូវក្រអូបមិនប្រកាន់រដូវ”។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឲ្យដឹងថា នៅប្រទេសកម្ពុជាពូជស្រូវក្រអូបប្រណីតប្រពៃណីស្ទើរតែទាំងអស់គឺជាប្រភេទដំណាំប្រកាន់រដូវ ដែលអាចឲ្យកសិករដាំបានតែម្តងក្នុងមួយឆ្នាំ នៅរដូវវស្សា ប៉ុន្តែ តាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី ស្រាវជ្រាវរកពូជស្រូវក្រអូបប្រណីត បង្កើនការដាំដុះនៅក្នុងប្រទេសកម្ពុជាឲ្យបានគ្រប់រដូវ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានអភិវឌ្ឍន៍ស្រឡាយស្រូវក្រអូប ដែលអវេទរសទៅនឹងពន្លឺ (មិនប្រកាន់រដូវ) តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួល (មេ) និងស្រឡាយ CNi9024 (បា) ដែលមានប្រភពមកពីប្រទេសចិន និងអវេទរសទៅនឹងពន្លឺ (មិនប្រកាន់រដូវ) នៅឆ្នាំ២០១៣។
ឯកឧត្តមបានបន្តថា តាមរយៈការជ្រើសរើសជាបន្តបន្ទាប់ ស្រឡាយចំនួន១០០ ក្នុងជំនាន់ទី៦ បានដាំ និងជ្រើសរើសក្នុងរដូវប្រាំង និងរដូវវស្សា។
ឯកឧត្តម បានបន្តថា នៅឆ្នាំ២០១៧ ដោយមានការសហការណ៍ឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈគម្រោងកាវ៉ាក់ (CAVAC) វិទ្យាស្ថានកាឌីបានពង្រីកការធ្វើពិសោធន៍ស្រាវជ្រាវនៅតាមក្សេត្របរិស្ថាន ផ្សេងៗក្នុងខេត្តព្រៃវែង សៀមរាប បាត់ដំបង និងក្នុងវិទ្យាស្ថានកាឌី។គម្រោងនេះមានគោលបំណងពង្រីកការដាំដុះពូជស្រូវក្រអូបសម្រាប់ការនាំចេញ ហើយត្រូវបានអនុវត្តមានរយៈពេល ៤ឆ្នាំ (២០១៧-២០២០)។
ជាលទ្ធផលស្រឡាយដែលមានសំដែងកម្មល្អចំនួន៣ ត្រូវបានជ្រើសរើស បញ្ចូលក្នុងពិសោធន៍បន្សាំពូជលើស្រែកសិករ ចំនួន៤០ កន្លែងក្នុងខេត្តព្រៃវែង។ ក្នុងរដូវវស្សាឆ្នាំ២០២១ នេះពិសោធន៍បន្សាំពូជលើស្រែកសិករ ចំនួន៤០ កន្លែងទៀត នឹងត្រូវធ្វើបន្តនៅក្នុងខេត្ត ព្រៃវែង ក្នុងនោះ ២៥ ពិសោធន៍អនុវត្តន៍ដោយកាឌី និង១៥ពិសោធន៍ទៀតអនុវត្តន៍ដោយ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ។
ទិន្នន័យដែលទទួលបាន នឹងត្រូវធ្វើការវិភាគ មុននឹងបញ្ចេញ និងផ្សព្វផ្សាយ ស្រឡាយដែលល្អជាងគេជូនកសិករប្រើប្រាស់នាពេលខាងមុខ៕