នំពេញ៖មន្ត្រីបច្ចេកទេសតាមស្ថានីយជញ្ជីងអចល័តនៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កាលពីថ្ងៃទី៨ខែសីហាបានធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់យានយន្តដឹកជញ្ជូនដែលឆ្លងកាត់ស្ថានីយ និងចុះពន្យល់ណែនាំដល់ម្ចាស់អាជីវកម្មកិនថ្ម ដេប៉ូខ្សាច់ និងរណ្តៅដី អំពីច្បាប់ស្តីពីផ្លូវថ្នល់ក្នុងមាត្រា២៦ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ និងលិខិតបទដ្ឋានផ្សេងៗទៀតដែលមានជាធរមាន ។
សកម្មភាពនៃផ្សព្វផ្សាយនេះ មានគោលបំណងឱ្យម្ចាស់យានយន្ត ម្ចាស់អាជីវកម្មកិនថ្ម ខ្សាច់ និងដីនៅទូទាំងប្រទេស ចូលរួមគោរពតាមបទដ្ឋានបច្ចកទេសស្ដីពីការដឹកជញ្ជូនដើម្បីបញ្ចៀសឲ្យបាននូវការដឹកលើសទម្ងន់ដែលនាំឲ្យផ្លូវថ្នល់ឆាប់ខូច និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសដើម្បីអប់រំជុំវិញច្បាប់ចរាចរណ៍ផ្លូវគោក ការផាកពិន័យ និងការឃាត់ទុកយានយន្តដឹកជញ្ជូនដែលអនុលោមតាមច្បាប់ផ្លូវថ្នល់ មាត្រា៦០។
ក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បានចែងថារាល់យានយន្តដែលដឹកលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ រើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១ឆ្នាំ។ ដូចនេះសូមម្ចាស់យានយន្តទាំងអស់ត្រូវដឹងអំពីទម្ងន់ផ្ទុកអនុញ្ញាតនៃប្រភេទយានយន្តរបស់ខ្លួន ជៀសវាងផ្ទុកលើសទម្ងន់កម្រិតកំណត់ដែលនាំឱ្យខាតបង់ថវិកា និងពេលវេលារកស៊ីរបស់ខ្លួន។
ជាថ្មីម្តងទៀត ក្រសួងសូមអំពាវនាវចំពោះក្រុមហ៊ុន និងឯកជនដែលប្រកបអាជីវកម្មផ្នែកដឹកជញ្ជូនតាមរថយន្តធុនធ្ងន់ទាំងអស់ចូលរួមគោរពតាមនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ “ការប្រកបមុខរបរទទួលទាន ក៏ដូចជា ការបំពេញការងារ តាមវិជ្ជាជីវៈ របស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ គឺថាការតបស្នងដ៏សំខាន់ ដល់សង្គមជាតិ ដែលកំពុងមានសន្តិភាព និងការរីកចម្រើន អរគុណសន្តិភាព” និងចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរាជរដ្ឋាភិបាល ដើម្បីគោរព និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងរួមចំណែកការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាប់គង់វង្សតាមអាយុកាលកំណត់ ៕