ប្រទេសវៀតណាមរាយការណ៍អ្នកឆ្លងកូវីដចំនួន៩.៦៩០នាក់

ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍អ្នកឆ្លងកូវីដ១៩ចំនួន៩.៦៩០នាក់កាលពីថ្ងៃអាទិត្យនិង៥.១៤០នាក់ទៀតនៅព្រឹកថ្ងៃចន្ទទី៩សីហានេះ បន្ទាប់ពីការឆ្លងបានធ្លាក់ចុះមកនៅ៧.៣៣៤នាក់កាលពីថ្ងៃសៅរ៍។

ការឆ្លងភាគច្រើនត្រូវបានរកឃើញនៅទីក្រុងហូជីមិញ និងបណ្តាខេត្តក្បែរខាងប៊ិញយឿងនិងដុងណៃ។

សូមបញ្ជាក់ថា វៀតណាមបានទប់ទល់នឹងជំងឺឆ្លងកូវីដ១៩បានល្អគ្រាន់បើកាលពីឆ្នាំមុន តែចាប់តាំងពីចុងខែមេសាមកនៅពេលការផ្ទុះកូវីដ១៩ក្នុងសហគមន៍នៅរលកទី៤បានចាប់ផ្តើមការឆ្លងបានកើនឡើងដោយសារវាបង្កឡើងដោយវីរុសបំប្លែងខ្លួនDelta។

ប្រទេសនេះឥឡូវបានរកឃើញអ្នកឆ្លងកូវីដសរុប២១៥.៥៤៥នាក់និង៣.៣៩៧នាក់បានស្លាប់ចាប់តាំងពីពេលនោះមក។

វៀតណាម ដែលមានប្រជាជន៩៨លាននាក់ តាំងពីមុនមកបានចាក់វ៉ាក់សាំងបានជិត៨,៩លានដូស តែក្រោម៩០០.០០០បានចាក់ពេញលេញ។

កាលពីថ្ងៃសៅរ៍ ទីក្រុងហូជីមិញដែលជាមណ្ឌលផ្ទុះកូវីដ១៩បច្ចុប្បន្ន បានចាក់វ៉ាក់សាំងអោយប្រជាជនក្នុងក្រុងបានជាង២០ម៉ឺននាក់និងចាប់ពីថ្ងៃ២២សីហាមកទីក្រុងបានចាក់វ៉ាក់សាំងបានជាង២,១លាននាក់។

ជាមួយនឹងល្បឿនចាក់វ៉ាក់សាំងយ៉ាងគំហ៊ុកដូច្នេះ អាជ្ញាធរក្រុងបានអះអាងថា ខ្លួនអស់វ៉ាក់សាំងកូវីដ១៩ដែលក្រសួងលៃទុកសំរាប់ទីក្រុងភាគខាងត្បូងនេះហើយ៕