(សៀមាប)៖ ប្រាសាទបាយក្អែក មានទីតាំងស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត កំពុងធ្វើការ ជួសជុល និងរៀបចំលើកកម្ពស់សោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌សំដៅរក្សាតុល្យភាព រវាងការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។លោក
ស្រ៊ុន តិច បុរាណវិទូនៃនាយក ដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ប្រាសាទបាយក្អែកបានដួ លរលំទាំងស្រុង ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម និងកត្តាមនុស្ស។
តាំងពីខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃ អាជ្ញាធរជាតិអប្សរា បានដំណើការជួសជុលពង្រឹង និងលើកតម្លៃរចនាសម្ពន្ធប្រាសាទឡើងវិញ។
មកដល់ពេលនេះ ដំណើរការជួសជុលបានរយៈពេលប្រមាណ ៥ ខែមកហើយ ដោយសម្រេច បានជាង ៦០ ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅ ២ ខែខាងមុខ។
លោកបន្តថា ចំពោះដំណើរការជួសជុលពង្រឹងសំណង់នេះ ក្រុមការងារបច្ចេកទេសប្រកាន់យក គោលការណ៍អភិរក្ស គោរពតាមអនុសាសន៍របស់អ្នកជំនាញអាយស៊ីស៊ី-អង្គរ និងគោរពតាម ធម្មនុញ្ញអង្គរ ក្នុងគោលដៅរក្សារូបរាង ឬទម្រង់ស្ថាបត្យកម្មដើមរបស់ប្រាសាទ។ ការងារជួសជុលនេះ ក្រុមការងារព្យាយាមប្រើប្រាស់ថ្មចាស់ៗឡើងវិញ ហើយជំនួសថ្មថ្មីក្នុងកម្រិត ១០-១៥ ភាគរយ។
សូមជម្រាបដែរថា អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា គាំពារកេរមត៌ក ដូនតាខ្មែរ ដែលជាបេតិកភណ្ឌពិភពលោកឱ្យនៅគង់វង្សយូរអង្វែង៕