ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗ «២១,៣៧៩នាក់» និងអ្នកជំងឺ «១៩១នាក់ទៀតស្លាប់» ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

(បាងកក)៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post បានអោយដឹងថា
ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរក ឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២១,៣៧៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ២០,៨៩៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃ ទូទៅ និង ៤៨៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៩១នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលជាចំនួនករណីស្លាប់ច្រើនបំផុតមិនធ្លាប់ មានក្នុងមួយថ្ងៃ។ ដោយឡែកអ្នកជំងឺចំនួន ២២,១៧២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាក ចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេស ចំនួន ៧១៤,៦៨៤ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៨៥៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៩៥,៩០៤នាក់។ គិតត្រឹមដើមសប្តាហ៍នេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 បានសរុប ១៨.២លានដូស ក្នុងនោះប្រជាជន ៣.៩៩លាននាក់ (៥.៧% នៃចំនួនប្រជាជនសរុប) បាន ទទួលការចាក់គ្រប់ដូស៕