លោកតាអាយុ១០៣ឆ្នាំ និង១០០ឆ្នាំ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលស្ម័គ្រចិត្តចាក់វ៉ាក់ សាំងកូវីដ១៩ ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន

(កំពង់ចាម)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានបន្ដនាំ យកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា អាយុ ១០៣ឆ្នាំ និង១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានថវិកាចំនួន ៣លាន រៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

លោកតាដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះ ឈ្មោះ នន អែម អាយុ១០៣ឆ្នាំ រស់នៅភូមិតាមុល ឃុំព្រែកដំបូល និងលោកតា ឈ្មោះ ហែម ម៉ៅ រស់នៅភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា នន អែម និងលោកតា ហែម ម៉ៅ ព្រមទាំង បានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់លោកតា ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផងដែរ។

បើទោះបីរៀងធ្ងន់ត្រចៀកពិបាកស្ដាប់បន្ដិចមែន តែលោកតា នន អែម និងលោកតា ហែម ម៉ៅ អាចស្ដាប់បាននូវអ្វីដែលជាការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន និងបានថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានផ្ដល់អំណោយជូនលោកតានៅ ឱកាសនេះ៕