ការឆ្លងកូវីដ១៩នៅវៀតណាមបន្តកើនឡើង ដោយនៅព្រឹកនេះក្រសួងសុខាភិបាលបានបញ្ជាក់អះអាងថាបានរកឃើញអ្នកឆ្លងថ្មីចំនួន៤.២៦៧នាក់បន្ទាប់ពី៨.៣៧៧នាក់បានឆ្លងកាលពីម្សិល។
សូមបញ្ជាក់ថា ក្នុងការផ្ទុះកូវីដរលកទី៤នៅជាង៣ខែមកនេះ វៀតណាមជួបការឆ្លងកូវីដ១៩ដ៏អាក្រក់បំផុតបើធៀបនឹងការផ្ទុះនៅ៣វគ្គមុន ដោយវាចម្លងមនុស្ស១៧០.៥១២នាក់នៅ៦២ខេត្តក្រុងនៅទូទាំងប្រទេស។មានតែខេត្តកាវ បាងភាគខាងជើងតែមួយគត់ដែលមិនមានអ្នកកើតជំងឺនេះនៅឡើយ។
ក្រុងហូជីមិញ មានអ្នកឆ្លងច្រើនជាងគេគឺ ១០៥.០៩៥នាក់ និងខេត្តប៊ិញយឿងក្បែរនោះមានអ្នកឆ្លង២០.៤៤៥នាក់។
ប្រទេសអាស៊ីអាគ្នេយ៍នេះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩អោយដល់ប្រជាជនខ្លួនបានជាង៧,២៩លាននាក់ហើយ រួមមាន៧៤៤.៣៣១នាក់ចាក់បាន២ដូស។
ក្រសួងសុខាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃអង្គារថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩របស់វៀតណាម យឺតនៅតំបន់ជាច្រើនទោះជារដ្ឋាភិបាលចាត់ទុកការចាក់វ៉ាក់សាំងនេះជាអាទិភាពមួយក្តី។
ទិន្នន័យមកពីក្រសួងបានបង្ហាញថា ប្រជាជនវៀតណាម៧៤៤.៣៣១នាក់ចាក់បាន២ដូសពេញលេញ គឺមិនដល់១ភាគរយផងក្នុងចំណោមប្រជាជន៩៨លាននាក់របស់ប្រទេសនេះ៕