(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ រដ្ឋមន្រ្ដីការបរទេសអាស៊ានទាំងអស់ បានឯកភាពផ្តល់ឱ្យចក្រភពអង់គ្លេស នូវឋានៈជាដៃគូសន្ទនា ទី១១ របស់អាស៊ាន។ នេះបើតាមតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែល ទទួលបាននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។
លទ្ធផលកិច្ចប្រជុំបានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋមន្ត្រីការបរទេសក៏រីករាយក្នុងការផ្តល់ឋានៈជាដៃគូកិច្ចសន្ទនាតាមវិស័យអាស៊ាន ដល់អេមីរ៉ាតអារ៉ាប់រួម ដោយត្រូវរង់ចាំការបញ្ចប់នីតិវិធីជាផ្លូវការ។
រដ្ឋមន្រ្ដីក៏បានឯកភាពផ្តល់ឱ្យចក្រភពអង់គ្លេស នូវឋានៈជាដៃគូសន្ទនាទី១១ របស់អាស៊ាន»។
ចាប់តាំងពីដាក់ចេញនយោបាយ និងការចាកចេញពីសហភាពអឺរ៉ុប កាលពីចុងខែមករា ឆ្នាំ២០២០ ចក្រភពអង់គ្លេស បានខិតពង្រីកការទូត និងឥទ្ធិពលរបស់ខ្លួន នៅទូទាំងសកលលោក។
ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា លោក ម៉ាក ហ្វីល (Mark Field) អនុរដ្ឋមន្រ្តីការបរទេស ទទួល បន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ២០១៨, ដំណើរទស្សនកិច្ចរបស់ លោកស្រី Heather Wheeler MP អនុរដ្ឋលេខាធិការសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការ បរទេសចក្រភពអង់គ្លេស ឆ្នាំ២០១៩ និងដំណើរទស្សនកិច្ចរបស់ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស កាលពីខែមិថុនា ឆ្នាំ២០២១ ចក្រភព អង់គ្លេសបានបញ្ចុះបញ្ចូល និងស្នើជាបន្តបន្ទាប់ឱ្យកម្ពុជា គាំទ្រខ្លួនដើម្បីធ្វើជា ដៃគូសន្ទនារបស់ អាស៊ាន។
ដោយនឹងកាន់ តំណែងជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្រ ដល់ចក្រភពអង់គ្លេស ក្នុងការធ្វើជាសន្ទនាជាមួយអាស៊ាន។ ការបញ្ជាក់អំពីការគាំទ្ររបស់កម្ពុជានេះ បានធ្វើឡើងដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ក្នុងជំនួបទ្វេភាគីជាមួយ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អំឡុង ពេលប្រមុខការទូតអង់គ្លេសមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ។
រហូតមកដល់បច្ចុប្បន្នអាស៊ាន មានដៃគូសន្ទនាចំនួន ១១ប្រទេស រួមមាន៖ អូស្រ្តាលី, កាណាដា, ចិន, សហភាពអឺរ៉ុប, ឥណ្ឌា, ជប៉ុន, កូរ៉េខាងត្បូង, នូវែលហ្សេឡង់, រុស្ស៉ី, សហរដ្ឋអាមេរិក និងអង់ គ្លេសចុងក្រោយនេះតែម្តង។
ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ ក៏បានបញ្ជាក់ដែឬរថា សម្រាប់ទំនាក់ទំនង ខាងក្រៅ រដ្ឋមន្ត្រីបានឯកភាពចាប់ផ្តើមពិនិត្យឡើងវិញគ្រប់ជ្រុងជ្រោយទៅលើការផ្អាក (Moratorium) ទទួលយកភាពជាដៃគូសន្ទនាថ្មីនាពេលកន្លងមក។ កិច្ចប្រជុំនេះ រំពឹងដល់ការរៀបចំ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅ ព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ ២០២២។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បាន សង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាឱ្យបាននូវការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និងកំណើនសម្រាប់តំបន់ រួមមាន តាមរយៈការសម្រេចឱ្យបាននូវក្របខ័ណ្ឌការរៀបចំច្រករបៀង ធ្វើដំណើរក្នុងតំបន់អាស៊ាននិងការធ្វើប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) ។
លោកឧបនាយករដ្ឋមន្រ្តី បាន សង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាថា ការចូលរួមរបស់អាស៊ានជាមួយដៃគូខាងក្រៅ គឺគាំទ្រដល់ មជ្ឈភាពអាស៊ាន ដែលស្របនឹងគោលការណ៍អាស៊ាន រួមមាន ទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។
រដ្ឋមន្រ្តីការបរទេសបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញតំបន់និយម និងពហុភាគីនិយម ក៏ដូចជា ពង្រឹងនិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព ប្រកបដោយបរិយាប័ន្ន និងផ្អែកលើ គោលការណ៍ច្បាប់ ដោយយកអាស៊ានជាស្នូលក្នុងការដោះស្រាយបញ្ហាប្រឈមរួម ដោយឈរលើ ផលប្រយោជន៍ទៅវិញទៅមក។
ប្រទេសសមាជិកអាស៊ាន បានឯកភាពចំពោះការចូលជាសមាជិកនៅក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ច សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់ព្រះរាជាណាចក្រដាណឺម៉ាក ក្រិច ព្រះរាជាណា ចក្រហូឡង់ ប្រទេសអូម៉ង់ រដ្ឋកាតា និងអេមីរ៉ាតអារ៉ាប់រួម និងបានទន្ទឹងរង់ចាំការចុះហត្ថលេខាលើ លិខិតតូបករណ៍ចំពោះការចូលជាសមាជិករបស់បណ្ដាប្រទេសខាងលើតាមពេលវេលាសមស្រប។ កិច្ចប្រជុំក៏បានពិភាក្សា លើសំណើសុំរបស់ប្រទេសផ្សេងទៀត ដែលចាប់អារម្មណ៍ចង់ចូលជាសមា ជិកនៃសន្ធិសញ្ញា TAC នេះផងដែរ៕