បុរសម្នាក់បើករថយន្តបុកបង្គោលភ្លើងបណ្តាលឲ្យកៀបស្លាប់នៅក្នុងរថយន្ត

បុរសសម្នាក់បានបែកក្បាលនិងកៀបជាប់នៅក្នុងរថយន្តស្លាប់ បន្ទាប់បើករថយន្ត ឡិចស៊ីស NX200tបោះពួយក្នុងល្បឿនលឿនជ្រុលបុកបង្គោលភ្លើងថ្មនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ។ចំណែរថយន្តដាច់ជាពីកំណាត់។

ករណីនេះកើតឡើងកាលពីម៉ោងជាង២យប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងកើតស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ជនរងគ្រោះឈ្មោះ សុន សុភាព ហៅចាវ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើករថយន្ត បច្ចុប្បន្នរស់នៅភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។បើករថយន្តម៉ាកឡិចស៊ីស NX200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU.1056តែម្នាក់ឯង។

តាមប្រភពពីសន្តិសុខម្នាក់ដែលនៅក្បែរកន្លែងកើតហេតុខាងលើបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexus ធ្វើដំណើរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទឹសដៅពីកើតទៅ លិចក្នុងល្បឿនលឿន ។មកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោង បួងចង្កូតមកខាងស្ដាំ ដៃជ្រុលទៅបុករបងផ្ទះនិងបង្គោលភ្លើងថ្មមួយដើមបណ្តាលឲ្យបាក់ជាពីរកំណាត់និងបែកបាក់រាយប៉ាយ ។ឯរថយន្តមើលលែងយល់និងខូចខាត ទាំងស្រុង។ឯអ្នកបើកបរស្លាប់កៀបជាប់នៅក្នុងរថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ដោយឡែកសពជនរងគ្រោះលោកគ្រូពេទ្យបានយកសំណាកពិនិត្យដោយអវិជ្ជមានជម្ងឺកូវីដ១៩ ក្រោយមក សមត្ថកិច្ចធ្វើកំណត់ហេតុរួចជូនសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី៕