(ភ្នំពេញ)៖ ទិវាឧទ្យានុរក្សពិភពលោកត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីរំលឹកដល់មន្រ្តីឧទ្យានុរក្ស (Rangers) ដែលត្រូវបានសម្លាប់ ឬរងរបួសក្នុងបេសកកម្មនៃកាតព្វកិច្ចការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងដើម្បីអបអរសាទរការងារមន្រ្តីឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញការងារដើម្បីការពារបេតិកភណ្ឌធម្មជាតិ និងវប្បធម៌របស់ពិភពលោក។
ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ មានមន្ត្រីឧទ្យានុរក្សចំនួន ២រូបបានទទួលរងគ្រោះថ្នាក់ដល់ជីវិតដោយសារតែក្រុមជនល្មើសបានបាញ់សម្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងអំឡុងបំពេញបេសកកម្មដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។ នេះជាការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា ដើម្បីចូលរួមអបអរសាទរទិវាឧទ្យានុរក្សពិភពលោកឆ្នាំនេះ ក្រសួងបរិស្ថានបានរៀបចំការផ្សព្វផ្សាយនូវសារសំខាន់ ព្រមទាំងបានផលិតជារូបភាព បទយកការណ៍ និងបទចម្រៀងអំពីតួនាទីភារកិច្ច និងការលះបង់របស់មន្ត្រីឧទ្យានុរក្សចំពោះបុព្វ ហេតុបរិស្ថាន និងធនធានធម្មជាតិ។
ជាមួយគ្នានេះ ក្រសួងបរិស្ថានបានផ្តល់បណ្ណសរសើរមេត្រី ភាពបរិស្ថានដល់មន្ត្រីឧទ្យានុរក្សចំនួន១០០នាក់ ដែលបានបំពេញការងារឆ្នើមផងដែរ។ បណ្ណសរសើរមេត្រីភាពបរិស្ថាននេះគឺជាភស្តុតាងបង្ហាញពីការលះបង់របស់មន្ត្រីឧទ្យានុរក្សចំពោះជាតិ និងធនធានធម្មជាតិ។អ្នកនាំពាក្យរូបនេះ បានថ្លែងថា ប្រទេសកម្ពុជា បានប្រារព្ធទិវាឧទ្យានុរក្សប្រចាំឆ្នាំលើកដំបូងនៅឆ្នាំ២០១៧ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ព្រះសង្ឃពុទ្ធសាសនា និស្សិតសហគមន៍មូលដ្ឋានសាធារណជនទូទៅ និងវិស័យឯកជន។ គោលបំណងផ្សេងទៀតនៃការប្រារព្ធពិធីនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង ជាសាធារណៈអំពីតួនាទីរបស់ឧទ្យានុរក្សនៅកម្ពុជានិងជម្រុញឱ្យសាធារណជនចូលរួមជាមួយឧទ្យានុរក្សក្នុងការការពារ គ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ទិវាឧទ្យានុរក្សពិភពលោក ប្រារព្ធឡើងក្នុងគោលបំណងរួម មានទី១៖ ផ្តល់គុណតម្លៃនិងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ និងបូជាជីវិត ដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ, ទី២៖ លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពី តួនាទីរបស់មន្រ្តីឧទ្យានុរក្សនៅព្រះរាជាណាចក្រកម្ពុជា អំពីការតស៊ូលះបង់របស់មន្រ្តីឧទ្យានុរក្សក្នុង ការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថានប្រកបដោយសេចក្តីអង់អាចក្លាហាន និងទី៣៖ ជំរុញនិងលើកទឹកចិត្តសាធារណជនចូលរួមជាមួយនឹងមន្រ្តីឧទ្យានុរក្ស ដើម្បីការពារនិង គ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព។
ក្រសួងបរិស្ថានបានលើកទឹកចិត្តស្ត្រីចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។ បច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សាស្ត្រីចំនួន ៤២នាក់ ស្ថិតក្នុងចំណោមន្ត្រីឧទ្យានុរក្សសរុប១,២០០នាក់ ដែលក្រសួងបរិស្ថានបានដាក់ពង្រាយតាមតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះទាំង៧៥ ទាំងតាំងមានទំហំប្រមាណ ៧,៣លាន ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន២១ ក្នុងប្រទេសកម្ពុជា។
ឧទ្យានុរក្សស្ត្រីទាំងនោះកំពុងបំពេញតួនាទីដូចនឹងឧទ្យានុរក្សបុរសដែរ ដូចជាការល្បាតក្នុងព្រៃ ការពង្រឹងការអនុវត្តច្បាប់ចុះបង្រ្កាបបទល្មើស និងការធ្វើការអប់រំផ្សព្វផ្សាយពីច្បាប់ និងសារៈប្រយោជន៍នៃធនធានធម្មជាតិ ជីវៈចម្រុះជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងនិងជុំវិញតំបន់សហគមន៍ការពារធម្មជាតិនានានៃប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ទោះបីជាការងារជាឧទ្យានុរក្សមាន ការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានដាក់ពង្រាយ ជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធាន ធម្មជាតិ ដោយបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួល ខុសត្រូវខ្ពស់។
ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលកម្ពុជាមានមន្ត្រីឧទ្យានុរក្ស ដែលមាន ភាពអង់អាចក្លាហានមានមនសិការជាតិខ្ពស់ក្នុងការថែរក្សាធនធានធម្មជាតិដែលកម្ពុជាមានសម្រាប់មនុស្សរាប់ជំនាន់ទៀត៕