(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា ការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏អាក្រក់ជាថ្មី នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានឆ្លងរីករាលដាលដល់តំបន់ពីរផ្សេងទៀត នៃប្រទេសនេះហើយ។
នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១។
គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្នុងនោះមានករណីឆ្លងមួយចំនួន ត្រូវបានរាយការណ៍ចេញពីខេត្ត ហ្វូចៀន (Fujian) និងទីក្រុង ឆុងឈីង (Chongqing) ដែលបន្ថែមពីលើខេត្តចំនួន ០៤ និងទីក្រុងប៉េកាំង ដែលបានរាយការណ៍ពីការផ្ទុះឡើងនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta រួចហើយ។
សូមជម្រាបថា ការផ្ទុះឡើងនៃករណីឆ្លងជាង ២០០ករណីនៅទូទាំងប្រទេស នាពេលប៉ុន្មានថ្មីៗនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមចម្លងនៅខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន បន្ទាប់ពីបុគ្គលិកអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងណានជីង (Nanjing) ចំនួន ០៩នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះកាលពីថ្ងៃទី២០ ខែកក្កដាកន្លងទៅនេះ។
បើតាមគេហទំព័រ Worldometer រហូតមកទល់ពេលនេះ ប្រទេសចិន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩២,៩៣០ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៧,៣២៣នាក់។ បន្ថែមពីនេះទីក្រុង Nanjing ដែលមានប្រជាជនរស់នៅសរុបជាង ៩លាននាក់ ក៏កំពុងស្ថិតក្នុងការធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំដំណាក់កាលទី ២ ផងដែរ៕