ប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំ ពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ពីថ្ងៃទី០២-៦ ខែសីហា តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំ ពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើងពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ការចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួង ការបរទេសដែលទទួលបាន។

ក្រៅពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ ក៏មានកិច្ចប្រជុំផ្សេងទៀតដូចខាងក្រោម៖

– កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤

– ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស

– កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

– កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន លើកទី២៣

– កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី២៩

– កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២២

– កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១១

– កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៨ និង

– សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាទាំង១០ របស់អាស៊ាន។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិនិត្យមើលវឌ្ឍនភាព ដែល ប្រទេសព្រុយណេក្នុងនាមប្រធានអាស៊ានសម្រេចបាន និងការអនុវត្តធម្មនុញ្ញអាស៊ាន ផ្តោតការយក ចិត្តទុកដាក់ទៅលើវិធីនិងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាន ជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ និងលើកកម្ពស់ ទំនាក់ ទំនងខាងក្រៅ សំដៅពង្រឹងបន្ថែមទៀតនូវឯកភាព និងសាមគ្គីភាពរបស់អាស៊ាន។ កិច្ចប្រជុំ ក៏នឹង ពិភាក្សាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការបារម្ភរួមគ្នា៕