កម្ពុជា-រុស្ស៉ី រៀបចំ «ជំនួបធុរកិច្ចលើកដំបូងតាមប្រព័ន្ធអនឡាញជាមួយក្រុមហ៊ុនរុស្ស៊ី» ដើម្បីអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី

(ភ្នំពេញ)៖ ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) កម្ពុជា សហការជាមួយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំ «ជំនួបធុរកិច្ចលើកដំបូងតាមប្រព័ន្ធអនឡាញជាមួយក្រុមហ៊ុនរុស្ស៊ី» ដើម្បីអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី។

កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធីបតីភាពរបស់ បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជននៃប្រទេសទាំងពីរ សរុបប្រមាណ២៥០នាក់។

ព្រឹត្តិការណ៍ដ៏សំខាន់នេះផ្តោតលើប្រធានបទសំខាន់ចំនួនបីគឺ បច្ចេកវិទ្យា ឧស្សាហកម្ម និងថាមពល ដែលនឹងជួយត្រួសត្រាយផ្លូវដល់ក្រុមហ៊ុនរុស្ស៊ីក្នុងការស្វែងយល់ពីឱកាសទីផ្សារនៅកម្ពុជា ក៏ដូចជាជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

អង្គប្រជុំបានប្រព្រឹត្តិទៅយ៉ាងរលូនប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយមានការចូលរួមពិភាក្សាយ៉ាងផុសផុល និងយ៉ាងសកម្មពីសំណាក់វាគ្មិននៃប្រទេសទាំងពីរ ទាំងវិស័យរដ្ឋ និងឯកជន និងថែមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរួមគ្នា លើវិស័យសំខាន់ៗទាំងបីខាងលើ។

ការរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ច រវាងធុរជននិងពាណិជ្ជករកម្ពុជា ជាមួយនិងបណ្តាក្រុមហ៊ុនឯកជននៃប្រទេសរុស្ស៊ីនាពេលនេះ គឺជាការចាប់ផ្តើមមួយ ក្នុងការចូលរួមជំរុញការធ្វើពាណិជ្ជកម្ម និងទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេសមកប្រទេសកម្ពុជា ដែលការងារអាទិភាពមួយនៃយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ព្រឹត្តិការណ៍នេះនឹងនាំទៅដល់ការបើកផ្លូវដើម្បីរៀបចំជំនួបធុរកិច្ចជាមួយប្រទេសជាដៃគូផ្សេងទៀតនាពេលអនាគត៕