(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានពន្យល់ពីវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកំឡុងពេលបិទខ្ទប់ បណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ទាំងអស់។
ឯកឧត្តម គឹម សន្តិភាព បានឱ្យដឹងថា ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ នៅកម្ពុជា បានវិវត្ត ឈានដល់ដំណាក់កាលមួយថ្មី ជាមួយនឹងការរកឃើញមេរោគកូវីដ១៩ ប្រភេទ Delta ក្នុងសហគមន៍ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប, រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ ចេញនូវវិធានការម៉ឺងម៉ាត់ តឹងរ៉ឹង សំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរលកទី៣ នៃការឆ្លងរាល ដាលក្នុងសហគមន៍ទ្រង់ទ្រាយធំពីបណ្តាខេត្តជាប់ព្រំដែនថៃ និងខេត្តសៀមរាប ទៅកាន់តំបន់ផ្សេង ទៀតនៅទូទាំងប្រទេស នៃមេរោគកូវីដ១៩ ប្រភេទ Delta ដែលជាគ្រោះមហន្តរាយសម្រាប់ប្រជាជន និងប្រទេសកម្ពុជា តាមរយៈការសេចក្តីសម្រេច និងសារាចរ៖
ទី១៖ សម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣៖៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ទី២៖ ដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេស សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ទាំងសេចក្តីសម្រេចបិទខ្ទប់ ទាំងសារាចរបស់ រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនគណៈអភិបាលរាជធានីខេត្ត ដាក់ចេញនូវវិធានការ លម្អិតសម្រាប់អនុវត្តទាំងក្នុងតំបន់បិទខ្ទប់ និងតំបន់ផ្សេងទៀត នៅក្នុងភូមិសាស្ត្ររបស់ខ្លួនទៅ តាមស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ហេតុនេះ គណៈអភិបាលខេត្តនៃខេត្តដែលបានបិទខ្ទប់ និងគណៈអភិបាលរាជធានី-ខេត្តទូទាំង ប្រទេស នឹងដាក់ចេញនូវសេចក្តីសម្រេចស្តីពីវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩ លម្អិត សម្រាប់អនុវត្តនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ព្រមៗគ្នា សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣៖៥៩នាទីនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១(យប់នេះ)!។
ជាមួយគ្នានេះ នៅក្នុងអំឡុងពេលនៃយុទ្ធនាការ ១៤ថ្ងៃនេះ ក្រសួង-ស្ថាប័នសាធារណៈ, វិស័យឯក ជនព្រមទាំងបុគ្គលឯកជនត្រូវបានលើកទឹកចិត្តក្នុងការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ ដើម្បីជាវិធានការបង្ការ ក៏ដូចជាការស្វែងរកអ្នកវិជ្ជមានមេរោគកូវីដ-១៩ ដោយផ្អែកតាមអភិ ក្រម «រកឃើញឆាប់រហ័ស, គ្រប់គ្រងបានលឿន, និងកាត់ផ្តាច់ខ្សែច្រវាក់ការឆ្លងរាលដាលបាន ទាន់ពេល» សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩៕