អង្គជំនុំជម្រះតុលាការកំពូលនឹងបើកសវនាការលើបណ្តឹងសាទុក្ខរបស់ជនជាប់ចោទ ខៀវ សំផននៅថ្ងៃទី១៦ សីហា

ភ្នំពេញៈ ឯកឧត្តម នេត ភត្ត្រា អ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបាន ឲ្យដឹងថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខាងមុខ អង្គជំនុំជម្រះតុលាការកំពូលនឹងបើកសវនាការ លើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ របស់ជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈ ប្រធានរដ្ឋនៃរបបខ្មែរក្រហមប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដែលរកឃើញលោកមានពិរុទ្ធភាពនិងសម្រេចផ្តាន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹង ជនជាតិវៀតណាម ប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ឯកឧត្តម បន្តថា អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំ ជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជាត្រៀមសម្រាប់ការបើកសវនាការតាមគន្លងថ្មីដោយអនុវត្តនូវវិធានការរដ្ឋបាលនិងវិធានការសុខាភិបាលខ្ពស់ដើម្បីជាវិធានការការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយធ្វើតាមប្រព័ន្ធសោតទស្សន៍ និងកាត់បន្ថយចំនួនមន្ត្រីបុគ្គលិក និង សាធា រណជនចូលរួម។ សវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹងខៀវ សំផន នឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃច័ន្ទ ទី១៦ ដល់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែ សីហា ឆ្នាំ២០២១ នៅវេលាម៉ោង ៩ព្រឹក។

អង្គជំនុំជម្រះក៏បានត្រៀមថ្ងៃបម្រុងសម្រាប់សវនាការ ក្នុងករណីចាំបាច់ ពីថ្ងៃសុក្រ ទី២០ ដល់ថ្ងៃ ទីសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ (រយៈពេល៦ថ្ងៃ)។

យោងតាមដីកាកំណត់កាលបរិច្ឆេទសវនាការរបស់អង្គជំនុំជម្រះតុលាការកំពូល ប្រធានបទវគ្គ សវនាការដែលគ្រោងនឹងធ្វើមានដូចតទៅ៖ ១)ភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី ត្រូវចាប់ផ្តើមជា មួយទឡ្ហីករណ៍សំខាន់នៃបណ្តឹងសាទុក្ខរបស់ខៀវ សំផនទៅនឹងសុពលភាពនៃ សាលក្រមអង្គ ជំនុំជម្រះសាលាដំបូងនិងរួមបញ្ចូលការពិចារណាជាទូទៅលើគោលការណ៍នីត្យានុកូលភាព។

២)យុត្តាធិការរួមបញ្ចូលប្រធានបទតូចៗស្តីពីការបញ្ជូនសំណុំរឿង/វិសាលភាពនៃកិច្ចស៊ើបសួរតាមផ្លូវតុលាការ ភាពគ្រប់គ្រាន់នៃបទចោទក្នុងដីកាដំណោះស្រាយ យុត្តាធិការលើកម្មវត្ថុនៃរឿងក្តី អង្គហេតុដែលត្រូវបានដកចេញតាមរយៈដីកាបំបែកកិច្ចដំណើរការនីតិវិធី។ ៣) បទឧក្រិដ្ឋ រួមបញ្ចូលប្រធានបទតូចៗស្តីពីច្បាប់ (និយមន័យនិងធាតុផ្សំ) ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋដែលខៀវ សំផន ត្រូវបានសម្រេចដាក់ពិរុទ្ធ ព្រមទាំងបញ្ហានីត្យានុកូលភាពពាក់ព័ន្ធ និង ៤) វគ្គបិទសវនាការ រួមបញ្ចូលបទបង្ហាញសង្ខេបបដិសេធរបស់មេធាវីការពារក្តីព្រមទាំងឱកាសសម្រាប់ ខៀវ សំផន ថ្លែងទៅកាន់អង្គជំនុំជម្រះតុលាការកំពូលដោយផ្ទាល់ផងដែរ។ ជនជាប់ចោទក្នុងសំណុំរឿង ០០២/០២ នៅសល់តែខៀវ សំផន តែម្នាក់គត់ ដែលបច្ចុប្បន្ន គាត់មានអាយុ ៩០ ឆ្នាំហើយ។

សូមបញ្ជាក់ថា សវនាការដេញដោលពិនិត្យភស្តុតាងសំណុំរឿង ០០២/០២ បានចាប់ផ្តើមដោយការ ធ្វើសេចក្តីសន្និដ្ឋានចោទប្រកាន់នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ និងបានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ ការជំនុំជម្រះ រួមទាំងការស្តាប់សេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សាដេញ ដោលផង មានរយៈពេលសរុបចំនួន ២៨៣ថ្ងៃ។

ក្នុងអំឡុងពេលសវនាការនេះ អង្គជំនុំជម្រះសាលា ដំបូងបានស្តាប់សក្ខីកម្មពីបុគ្គលសរុបចំនួន ១៨៥នាក់ ក្នុងនោះមានសាក្សីបញ្ជាក់អង្គហេតុចំនួន ១១៤នាក់ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៦៣នាក់ និងអ្នកជំនាញចំនួន ៨ នាក់។ សវនាការនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ដោយមានសាធារណជនចូលរួមស្តាប់ និងតាម ដានសវនាការនេះដោយផ្ទាល់សរុបចំនួន៨២,៧៨០នាក់។ជនជាប់ចោទដែលត្រូវជំនុំជម្រះក្នុងសំណុំរឿង ០០២/០២ មាន នួន ជា ដែលជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។

បទចោទនៅក្នុងសំណុំរឿង ០០២/០២ គឺឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិអំពើប្រល័យពូជសាសន៍និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ពាក់ព័ន្ធទៅនឹងទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់លើអង្គហេតុដូចតទៅ៖ ការដ្ឋាន ការងារ និងសហករណ៍ (សហករណ៍ត្រាំកក់ ការដ្ឋានទំនប់ត្រពាំងថ្ម ការដ្ឋានទំនប់ ១ មករា និង ការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង) មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្ស (មន្ទីរសន្តិសុខ ស-២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំ ក្រោល) អំពើប្រល័យពូជសាសន៍ទៅលើប្រជាជនចាម និងវៀតណាម ការប្រព្រឹត្តិចំពោះពុទ្ធសាស និកជន និងអតីតមន្រ្តីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ និងការរៀបអាពាហ៍ពិពាហ៍នៅទូទាំង ប្រទេស។

អង្គជំនុំជម្រះក៏បានបើកសវនាការដេញដោលពិនិត្យភ័ស្តុតាងលើការចោទប្រកាន់អំពីលក្ខណៈនៃជម្លោះប្រដាប់អាវុធរវាងកម្ពុជាប្រជាធិបតេយ្យនិងសាធារណរដ្ឋសង្គមនិយមវៀតណាម តួនាទីរបស់ ជនជាប់ចោទនៅក្នុងរដ្ឋាភិបាល រួមទាំងភ័ស្តុតាងស្តីពីរចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធទំនាក់ទំនង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕