ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិក បង្ហាញសុទិដ្ឋិនិយមចំពោះការធ្វើឲ្យ ទំនាក់ទំនងប្រសើរឡើងវិញ

(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១បានអោយដឹងថាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំសហរដ្ឋអាមេរិក លោក ឈិន ហ្គេង (Qin Gang) បានជូនពរឱ្យសហរដ្ឋអាមេរិកទទួលបានជោគជ័យ ក្នុងការប្រយុទ្ធ ប្រឆាំង COVID-19 អមជាមួយការបង្ហាញពីគំនិតសុទុដ្ឋិនិយមផងដែរ ចំពោះការធ្វើឱ្យប្រសើរឡើង វិញ នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ ដែលកំពុងធ្លាក់ចុះដុនដាប។

ដំណើរមកដល់របស់លោក Qin Gang កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមមន្ត្រីការ ទូតជាន់ខ្ពស់ចិន និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី ហ្សឺមែន (Wendy Sherman) ទើបតែបញ្ចប់កិច្ចប្រជុំកម្រិតខ្ពស់នៅទីក្រុង ធានជីន (Tianjin) ដោយភាគីទាំង ២ ក៏បានបង្ហាញពី សញ្ញាវិជ្ជមានមួយចំនួន ក្នុងការធ្វើសម្បទានរៀងៗខ្លួន ដើម្បីស្ដារទំនាក់ទំនងឡើងវិញ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯគេហដ្ឋានរបស់លោក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Qin Gang បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទ្វារទំនាក់ទំនងរវាងអាមេរិក និងចិន បានបើក ចំហរួចជាស្រេច ដោយមិនអាចត្រូវបិទវិញនោះទេ…»។ លោក Qin Gang បានបន្ថែមទៀត ថា «ទំនាក់ទំនងចិន-អាមេរិក បានឈានដល់ពេលវេលាមួយដ៏សំខាន់ ពោលគឺមិនមែនត្រឹមតែកំពុង ប្រឈមមុខនឹងឧបសគ្គ និងបញ្ហាប្រឈមជាច្រើនតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏មាននូវឱកាសដ៏អស្ចារ្យ និងដ៏មានសក្ដានុពល»។

សូមជម្រាបថា លោក Qin Gang មានអាយុ ៥៥ឆ្នាំ និងជាអនុរដ្ឋមន្ត្រីការបរទេសចិន ត្រូវបានតែង តាំងជាឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅសហរដ្ឋអាមេរិក ជំនួសលោក គុយ ធានខៃ (Cui Tiankai) ដែលបានប្រកាសបញ្ចប់តួនាទីរបស់លោក ក្រោយបំពេញការងារអស់ ០៨ឆ្នាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន៕