លោកជំទាវ ឱ វណ្ណឌីន បន្ដនាំយកថវិការបស់ សម្ដេចតេជោ ប្រគល់ជូនដល់លោកតា អាយុ១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការ បស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា អាយុ១០០ឆ្នាំ ដែល បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿង ឧបភោគ បរិភោគមួយចំនួនទៀត។

លោកតាដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះ ឈ្មោះ អាត់ អ៊ុន អាយុ១០០ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា អាត់ អ៊ុន និងភរិយា ព្រមទាំងបានជម្រាប សាកសួរអំពីស្ថានភាពសុខភាពរបស់លោកតា និងលោកយាយ ក្រោយពីចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ផងដែរ។

លោកតា អាត់ អ៊ុន បើទោះបីអាយុ១០០ឆ្នាំក៏ពិតមែន ប៉ុន្ដែស្ថានភាពសុខភាពនៅមាំទាំ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានខិតខំប្រឹងប្រែង ស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្ការជំងឺកូវីដ១៩ ហើយលោកតាផ្ទាល់ក៏បានទទួល នូវវ៉ាក់សាំងនេះ បូកទាំងអំណោយរបស់សម្ដេចថែមទៀត។

ឆ្លើយនឹងសំណួររបស់លោកជំទាវ ឱ វណ្ណឌីន ពាក់ព័ន្ធស្ថានភាពសុខភាពក្រោយចាក់វ៉ាក់សាំងនេះ លោកតាបានរៀបរាប់ថា សុខភាពរបស់លោកតា និងប្រពន្ធដែលមានអាយុ៨៦ឆ្នាំ គឺល្អប្រសើរទាំង អស់មិនមានអ្វីខុសប្លែកនោះទេ ពោលធម្មតាទាំងអស់ទាំងការហូបចុក និងការស្នាក់នៅប្រចាំថ្ងៃ៕