ក្រសួងការងារលើកឡើងថា សហរដ្ឋអាមេរិកបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍវិស័យការងារ

(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់ និងសម្រួលដល់ការកសាងសមត្ថភាពរូបវន្ត និងស្ថាប័នក្នុងការបង្កើត សុខដុមរមនានៅកន្លែងការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលអាមេរិក កាំងសម្រាប់ សាមគ្គីភាពការងារអន្តរជាតិ (ACILS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នា (MOU) ដែលរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោល បំណងបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការ បច្ចេកទេសរវាងគូភាគី ក្នុងគោលដៅរួមចំណែកក្នុង ការអនុវត្តន៍គោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ។

អនុស្សរណៈនៃការយោគយល់គ្នាដែលមានរយៈពេល ២ ឆ្នាំនេះ(២០២១-២០២៣) ត្រូវបានចុះ ហត្ថលេខារវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក William Conklin នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃស្ថាប័នទាំងពីរផងដែរ។

ឆ្លៀតក្នុងឱ្យកាសនោះ ឯកឧត្តម អ៊ិត សំហេង មានប្រសាសន៍លើកឡើងថា អនុស្សរណៈនៃការ យោគយល់គ្នានេះនឹងក្លាយជាក្របខណ្ឌដ៏សំខាន់មួយបន្តទៀតនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលនឹងចូលរួមចំណែកក្នុងការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ថា «តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ យើងនឹងរួមគ្នាពង្រឹង ការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ សំដៅឆ្លើយតបទៅនឹងគោលបំណងដែល បានកំណត់ក្នុងអនុស្សរណៈ ដែលនឹងចុះហត្ថលេខារួមគ្នានេះ»។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានសម្តែងនូវការកោតសសើរលើសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែល ទទួលបានពីកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌ នៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ នាពេលកន្លងមក រួមមាន៖

ទី១៖ រៀបចំទស្សនកិច្ចសិក្សាត្រីភាគីទៅសហរដ្ឋអាមេរិកចំនួន ២លើក នៅក្នុងខែសីហា ឆ្នាំ២០១៨ និងខែតុលា ឆ្នាំ២០១៨ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិ សេរីភាពរបស់ សហជីពនៅក្នុងវិស័យសណ្ឋាគារ និងកាស៊ីណូ ពាក់ព័ន្ធនឹងវិធីសាស្ត្រចរចាជាសមូហភាព។

ទី២៖ ការអប់រំផ្នែកសុវត្ថិភាពចរាចរក្នុងពេលធ្វើដំណើរដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ពិសេសសារអប់រំកម្មករឱ្យយល់ដឹង និងចូលរួមទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩។

ទី៣៖ ការផ្ដល់ជំនួយបច្ចេកទេសតាមរយៈសហជីព ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព។

ទី៤៖ ការពង្រឹងសមត្ថភាពសហជីពតាមយៈការរៀបចំវគ្គបណ្ដុះបណ្ដាលនានាដែលពាក់ព័ន្ធនឹងវិស័យច្បាប់ ជាពិសេសច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីបេឡាជាតិសន្តិសុខសង្គម និងបទបញ្ញាត្តិ ផ្សេងៗ។ នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ច សហប្រតិបត្តិរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលបានខិត ខំប្រឹងប្រែងរួមកិច្ចការជាមួយគ្នានាពេលកន្លងមក សម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរ។

ឯកឧត្តម រំពឹងថា តាមយៈការបន្តអនុស្សរណៈនេះ ភាគីទាំងពីរនឹងបង្ហាញពីឆន្ទៈក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិត និងរួមចំណែកក្នុងការ លើក កម្ពស់សិទ្ធិ លក្ខខណ្ឌការងារ និងសុខដុមរមនានៅកន្លែងការងារ ជាពិសេសការឆ្លើយតបទៅនឹង ស្ថានភាពក្នុងកំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩។

សូមរំឭកថា កាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការ ACILS លើការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ និងសុខដុមរមនានៅកន្លែងការងារ រយៈពេល ៣ ឆ្នាំ (ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី២២ ខែមករា ២០២១)។ ក្រោយអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានបញ្ចប់សុពលភាព ភាគីទាំងពីរក៏បាន ចុះហត្ថលេខាងលើកិច្ចសហប្រតិបតិ្តនេះជាមួយគ្នាបន្តទៀតដែលមានរយៈពេល ២ ឆ្នាំ៕