ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ជាង «១៦,៥០០នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺ «១៣៣នាក់ទៀតស្លាប់» ក្នុងរបាយការណ៍ថ្ងៃពុធនេះ

(បាងកក)៖ តាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post បានអោយដឹងថា ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធនេះ ទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅចំនួន ១៦,៥៣៣ករណី ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៦,៣៣១ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២០២ករណីទៀត ត្រូវបានរកឃើញនៅតាម ពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៣៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយ ការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១០,០៥១ នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេស ចំនួន ៥៤៣,៣៦១ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៣៩៧នាក់ និងអ្នកជាសះស្បើយ ៣៦០,៦៩៤ នាក់។ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 វិញនោះ ប្រទេសថៃបានទទួល ស្គាល់ថា ខ្លួនមានភាពយឺតយ៉ាវខ្លាំង ដោយគិតត្រឹមចុងសប្តាហ៍មុននេះ ទើបតែសម្រចបាន ១៦លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ៣.៦៥លាននាក់ (៥.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕