ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិនបានើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន កំពុងស្ថិតក្នុងដំណាក់ កាលល្អបំផុត ខណៈចិនដើរតួសំខាន់ជួយកសាង និងអភិវឌ្ឍនៅកម្ពុជា

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូស បញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន កំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត ហើយបាន ក្លាយទៅជាគំរូនៃការរួមរស់ប្រកបដោយមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានគូសរំលេចពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិន នៅក្នុងពិធីបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពី «ដំណើរឆ្ពោះទៅ កាន់ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២១នេះ។ វេទិកានេះត្រូវបានរៀបចំឡើយដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃ រាជបណ្ឌិត្យសភាកម្ពុជា, លេខាធិការដ្ឋានជាតិនៃធនាគារខួរក្បាល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ សង្គមចិន និងការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន។

ឆ្នាំ២០២១នេះ កម្ពុជា និងចិន មានចំណងទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ៦៣ឆ្នាំហើយ។ ទំនាក់ទំនងកម្ពុជា និងចិន រយៈពេល៦៣ឆ្នាំមកនេះ តែងរក្សាបាននូវភាពជិតស្និទ្ធនឹងគ្នា ហើយ បានពួតដៃគ្នាយ៉ាងណែនជម្នះនូវការលំបាកទាំងឡាយ ទាំងក្របខណ្ឌទ្វេភាគី តំបន់ និងលើឆាក អន្តរជាតិ។

វេទិកាដែលរៀបចំឡើងនៅថ្ងៃនេះ មានក្នុងគោលបំណងលើកកម្ពស់ការស្វែងយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងចិន ក៏ដូជាចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ឱ្យកាន់តែជិត ស្និទ្ធជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសរបស់យើងទាំងពីរឱ្យកាន់តែល្អ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានគូសបញ្ជាក់នៅក្នុងកម្មវិធីដែលធ្វើតាមអនឡាញ នៅ ចំពោះ មុខមន្ត្រីជាន់ខ្ពស់របស់កម្ពុជា និងចិនថា ប្រទេសកម្ពុជា និងចិន ជាប្រទេសពីរដែលមាន ប្រវត្តិទំនាក់ ទំនងជាប្រពៃណី និងជាមេត្រីភាពតាំងពីយូរលង់ណាស់មកហើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏បានគូសរំលេចថា «ទំនាក់ទំនងកម្ពុជា-ចិន បានស្ដែងឡើង ក្នុង រូបភាពជាបងប្អូនល្អ និងជាដៃគូល្អ។ សព្វថ្ងៃប្រទេសចិន ជាប្រទេសដែលបានផ្តល់ជំនួយច្រើន ជាងគេដល់កម្ពុជា»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា «ទំនាក់ទំនងរវាងប្រទេសទាំងពីរ តែងឈរលើមូលដ្ឋាននៃ ការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅ វិញទៅមក។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរពគោលនយាបាយចិនតែមួយ និងគាំទ្រគោល នយោបាយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) និងការបង្កើតធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី (AIIB) ដើម្បីឈានទៅតភ្ជាប់បណ្ដាប្រទេសក្នុងតំបន់អាស៊ីទាំងមូល»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរពីការចូលរួមចំណែកដ៏សំខាន់របស់ចិន ក្នុងការ ជួយកសាង និងអភិវឌ្ឍកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងវិស័យពាណិជ្ជ កម្មនិងវិនិយោគ ដែលក្នុងនោះគិតមកដល់ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សម្រេច បានប្រមាណជាង ៨ពាន់លានដុល្លារ ហើយនៅក្នុងឆ្នាំ២០២០ កម្ពុជា និងចិនបានសម្រេចចុះកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺជា ការចាប់ផ្តើមនៃយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ។

«ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នា សុទ្ធតែបានដឹង មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណាទេ ប្រទេសចិនតែងផ្តល់ការជ្រោមជ្រែងនិងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍដោយសមស្របទៅនឹងស្ថានភាពរបស់ប្រទេសខ្លួន ជាពិសេស ផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ។

ព្រមជាមួយគ្នានេះ សហគ្រាសចិនក៏បានរួមចំណែកយ៉ាងសកម្មក្នុងការ កសាងស្ពាននិងផ្លូវថ្នល់នៅប្រទេសកម្ពុជា ដែលជាការរួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសកម្ពុជាផងដែរ»។ នេះជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បន្ថែមថា «ខ្ញុំជឿជាក់ថា ប្រទេសចិនក៏បាននិងកំពុងដើរតួនា ទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងអំឡុងពេលនិងក្រោយកូវីដ-១៩ ផងដែរ។ ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិត មួយខ្ពស់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ»។

ក្នុងវេទិកានាព្រឹកមិញនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏បានលើកឡើងផងដែរពីការចូល រួមរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងស្ថានភាពលំបាក ដែលកម្ពុជាកំពុងតស៊ូប្រយុទ្ធជាមួយនឹងជំងឺរាតត្បាតកូវីដ-១៩នេះ ចិនបាន ជួយដល់កម្ពុជាយ៉ាងក្លៀវក្លា ទាំងជំនួយផ្នែកបច្ចេកទេស ទាំងផ្នែកសម្ភារៈ និងទាំងវ៉ាក់សាំង និង បានសម្របសម្រួល និងផ្ដល់អាទិភាពដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំងថែមទៀតផង៕