ម៉ាឡេស៊ី នៅថ្ងៃសុក្រទី២៣កក្កដានេះបានរកឃើញអ្នកឆ្លងកូវីដ១៩ ដល់ទៅ១៥.៥៧៣នាក់ ជាចំនួនឆ្លងច្រើនបំផុតចាប់តាំងពីជំងឺនេះបង្ហាញមុខនៅក្នុងប្រទេសនេះជាងមួយឆ្នាំមកនេះ ។ចំនួននេះធ្វើអោយម៉ាឡេស៊ីមានអ្នកកើតកូវីដ១៩សរុប ជិត១លាននាក់ គឺ៩៨០.៤៩១នាក់។
ក្នុងការសរសេរបង្ហោះកាលពីថ្ងៃសុក្រ អគ្គនាយកសុខាភិបាលម៉ាឡេស៊ី បាននិយាយថា រដ្ឋសេឡានហ្គ័រ មានអ្នកឆ្លងថ្មីខ្ពស់ជាងគេ ៧.៦៧២នាក់ បន្ទាប់មកក្រុងគូឡាឡាំពួរ ២.០៦៣នាក់ រដ្ឋកេដាស់ ៩៧៣នាក់និងរដហឋចូហ័រ ៧២២នាក់។
មុននេះអគ្គនាយកសុខាភិបាលម៉ាឡេស៊ីបាននិយាយថា អ្នកឆ្លង១៩៩នាក់មានផ្ទុកវីរុសបំប្លែងខ្លួនគួរអោយព្រួយបារម្ភ រួមមាន១០៦នាក់ឆ្លងវីរុសប្រភេទ ដែលតា(Delta)។ក្រៅពីនេះ អាជ្ញាធរក៏រកឃើញអ្នកឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនប្រភេទ Beta,Alpha,Theta,KappaនិងEta។
ក្នុងពេលជាមួយគ្នា ហ្វីលីពីនបានរឹតបន្តឹងក្នុងសហគមន៍និងព្រំដែនក្នុងពេលខ្លួនទំនងជាជួបការផ្ទុះកូវីដ១៩នៅរលកថ្មីបង្កឡើងដោយវីរុសប្រភេទដែលតា។
រដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃសុក្រនេះបានប្រកាសហាមការធ្វើដំណើរទៅកាន់ម៉ាឡេស៊ី និងថៃ ដោយសារកូវីដផ្ទុះខ្លាំងនៅទីនោះ។ប្រទេសនេះបានហាមរួចហើយការធ្វើដំណើរទៅនិងមកពីឥណ្ឌូនេស៊ីនិងភាគច្រើននៅអាស៊ីអាគ្នេយ៍។
ការតំរូវអោយនៅក្នុងផ្ទះ និងការទប់ស្កាត់ចរាចរណ៍មនុស្សនៅតំបន់ក្រុងម៉ានីល ត្រូវបានរឹតបន្តឹងមួយកាំទៀតរហូតដល់«ចត្តាឡីស័កសហគមន៍ទូទៅ»រហូតដល់យ៉ាងហោចណាស់ថ្ងៃ៣១កក្កដា៕