ពលរដ្ឋក្រុងហាណូយសំរុកទៅចាក់វ៉ាក់សាំងពពាក់ពពូនរហូតដល់មន្ទីរពេទ្យផ្អាក

ត្រឹមថ្ងៃត្រង់ម្សិលមិញ មនុស្សជាច្រើន រួមមាននិយោជិតក្រុមហ៊ុននៅក្នុងទីក្រុងហាណូយ បានតម្រៀបជួរនៅមុខមន្ទីរពេទ្យដើម្បីរង់ចាំវេនចាក់វ៉ាក់សាំង ហើយបុគ្គលិកពេទ្យខិតខំធ្វើតាមនីតិវិធីមុនចាក់វ៉ាក់សាំង រួមមានការវាស់កំដៅខ្លួន។

ដំបូងមនុស្សតំរៀបជា២ជួរ តែដោយសារមនុស្សជាច្រើនទៀតមកដល់ជួរបែរជាបែកពេញមាត់ច្រកចូលមន្ទីរពេទ្យ ហើយទីធ្លាពេទ្យក្លាយជាមានមនុស្សណែនភ្លាម។ទោះជាគ្រប់គ្នាពាក់ម៉ាស់ តែមិនអាចរក្សាគម្លាតសង្គមបានទេ។

នៅក្នុងកិច្ចប្រជុំសភាក្នុងថ្ងៃដដែល លេខាបក្សបានទូរស័ព្ទទៅប្រាប់ប្រធានគណៈកម្មាធិការប្រជាជនក្រុងថារូបភាពក្នុងសារព័ត៌មានបង្ហាញថាមានហ្វូងមនុស្សនៅមន្ទីរពេទ្យ E Hospitalនិងសុំអោយវាយតំលៃសភាពការណ៍ហើយផ្អាកការចាក់វ៉ាក់សាំងភ្លាម។

មនុស្សជាច្រើនបានរង់ចាំចាក់វ៉ាក់សាំងរាប់ម៉ោង តែត្រឹមម៉ោង២កន្លះ មន្ទីរពេទ្យបានប្រកាសឈប់ទទួលមនុស្សចាក់វ៉ាក់សាំង នាំអោយមនុស្សជាច្រើនវិលទៅផ្ទះវិញទាំងមិនទាន់បានចាក់។

គិតត្រឹមថ្ងៃ២០កក្កដា ក្រុងហាណូយទើបចាក់វ៉ាក់សាំងអោយដល់អ្នកក្រុងបានប្រមាណ២១០.០០០នាក់ ភាគច្រើនជាបុគ្គលិកជួរមុខនិងមនុស្សក្នុងក្រុមអាទិភាព៕