សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្លាស់ប្តូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារនិងយុវវ័យ ពីអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំពីថ្ងៃទី០៦ខែសីហាមកថ្ងៃទី០១ ខែសីហាឆ្នាំ២០២១វិញដើម្បីឲ្យទាន់សភាពការណ៍នៃយុទ្ធនាការចាក់វ៉ាក់សាំង ។
សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃទី ២៣ ខែ កក្កដានេះសម្តេចតេជោ ហ៊ុន សែន បានប្រាប់ ថាយុទ្ធនាការចាក់វ៉ាកសាំងជូនកុមារនិងយុវវ័យ ពីអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំនិងចាប់ផ្តើមពីថ្ងៃទី០៦ខែសីហាដោយសម្តេចនឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យនៅមន្ទីរ ពេទ្យកាល់ម៉ែតដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តងហើយក្រៅពីចៅរបស់សម្តេច ក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតទៅទទួលវ៉ាក់សាំងផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១៦ ខែកក្កដាបានថ្លែងថា៖ ពិតប្រាកដណាស់ថាកម្ពុជាមានតម្រូវការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យចាប់ពី អាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ ដែលតាមស្ថិតិមានប្រហែល១ លាន៩ សែននាក់ ។ ដែលត្រូវការវ៉ាក់សាំងចំនួន ៤ឬជាង ៤ លាន ដូសបន្ថែមទៀតសម្រាប់ការចាក់ជូនកុមារនិងយុវ វ័យ របស់ ។
ក្នុងស្ថានភាពបែបនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរៀបចំរកទិញវ៉ាក់សាំងបន្ថែមទៀតដោយសម្តេចបានលើកឡើងថាមក ដល់ពេលនេះវ៉ាក់សាំងដែលកម្ពុជាអាចនឹងទទួលបានប្រាកដប្រជាគឺប្រមាណ ២២ លានដូស ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ ពីថ្នាក់អនុវិទ្យាល័យឡើង ។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។
តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង ។
បើទោះបីជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រីក៏នៅតែបន្តអំពាវនាវដល់ប្រជាពល រដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ» ។
បើតាមលោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថានៅក្នុងសីហានិង ខែកញ្ញា ឆ្នាំ ២០២១ខាងមុខកម្ពុជានឹងទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥ លានដូសបន្ថែមទៀតក្នុង នោះខែសីហា មកដល់ចំនួន៣លានដូសនិង ខែកញ្ញាមកដល់ចំនួន២លានដូស ។
ក្នុងចំណោមវ៉ាក់សាំងទាំង៥ លានដូសនេះគឺសម្រាប់ចាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ ឆ្នាំ ។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់បន្ថែមទៀតថាចំពោះកាលបរិច្ឆេទការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារនិងយុវវ័យចាប់ពីអាយុ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានរៀបចំផែនការលម្អិតរួចហើយ ៕