ប្រទេសរុស្ស៉ី សន្យាសហការ ជំរុញទេសចរខ្លួន ឱ្យមកកម្ពុជាបន្ថែមទៀត ពេលស្ថានភាពកូវីដ ធូរស្រាល

ប្រទេសរុស្ស៉ី បានទទួលយកសំណើ របស់ភាគីកម្ពុជា ក្នុងការបន្តកិច្ច សហការ ជំរុញទេសចរ ពីប្រទេសរបស់ខ្លួន ឱ្យមកទស្សនា ប្រទេសកម្ពុជាបន្ថែមទៀត ពិសេសគឺ ក្នុងដំណាក់កាល ដែលកម្ពុជា បើកទទួលយក «ទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំង» បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល នាពេលខាងមុខ។

ការបញ្ជាក់នេះធ្វើឡើង ក្នុងកិច្ចប្រជុំអនឡាញ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រវាងក្រសួងទេសចរណ៍ ដឹកនាំដោយលោក ថោង រដ្ឋសក្តិ អគ្គនាយក អភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាមួយទីភ្នាក់ងារទេសចរណ៍ សហព័ន្ធរុស្ស៉ី ដឹកនាំដោយលោក ឌីមីយាន ស្មីឡេវៀតស៍ (Demyan Smilevets) ប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារទេសចរណ៍ សហព័ន្ធរុស្ស៉ី។

ក្រោយបញ្ចប់កិច្ចប្រជុំ លោក ទ្រី ឈីវ ប្រធាននាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ឱ្យដឹងថាៈ លោក ឌីមីយាន ស្មីឡេវៀតស៍ ដែលជាតំណាង ភាគីរុស្ស៉ី បានទទួលយកសំណើ របស់ភាគីកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ទេសចរណ៍ រវាងប្រទេសទាំងពីរ ជាពិសេស ក្នុងដំណាក់កាល ដែលកម្ពុជា នឹងបើកទទួលយក «ទេសចរអន្តរជាតិ ដែលចាក់ វ៉ាក់សាំង» បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល នាពេលខាងមុខ។

លោក ទ្រី ឈីវ បានបន្តថាៈ ការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ មកពីប្រទេស រុស្ស៉ីនេះ នឹងប្រព្រឹត្តទៅបាន នៅពេលដែលភាគីកម្ពុជា មានការត្រៀមខ្លួន ឱ្យបានស្រេចបាច់ ជាមុនសិន ខណៈការងារទាំងនោះ ក៏ត្រូវបានភាគីទាំងពីរ លើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំនេះផងដែរ រួមមាន
* ការបណ្ដុះបណ្ដាលបំប៉ន ដល់មគ្គុទ្ទេសក៍ទេសចរណ៍ និយាយភាសារុស្ស៉ី។

* ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ Road show តាមប្រព័ន្ធអនឡាញ និងការចូលរួមផ្ទាល់ ដល់ក្រុមហ៊ុនទេសចរណ៍រុស្ស៉ី។

* ការរៀបចំទស្សនកិច្ចសិក្សាផ្សព្វផ្សាយ ពិសេសលើគោលដៅ ទេសចរណ៍នៅកម្ពុជា ពីក្រុមហ៊ុនទេសចរណ៍ និងសារព័ត៌មាន (Tailormade Farm Trip)។

* ការគាំទ្ររបស់រុស្ស៉ី ដល់ការអនុវត្ត «ផែនទីចង្អុលផ្លូវ ស្ដីពីផែនការស្ដារលើកស្ទួយ និងស្ដារវិស័យ ទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩»។
* សហការជំរុញការហោះហើរត្រង់រវាងកម្ពុជា-រុស្ស៉ី។

* គំនិតផ្ដួចផ្ដើមរៀបចំឲ្យមាន មជ្ឈមណ្ឌលទេសចរណ៍ អាស៊ាន-រុស្ស៉ី ជាដើម។

ក្នុងន័យនេះ លោក ទ្រី ឈីវ បានបញ្ជាក់ថាៈ «ភាគីទាំងពីរ នឹងរៀបចំជាផែនការ ការងារ សម្រាប់ឆ្នាំ ២០២២-២០២៥ ដើម្បីអនុវត្តស្មារតី នៃកិច្ចសហប្រតិបត្តិការ ខាងលើ»។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ថោង រដ្ឋសក្ដិ ក៏បានជម្រាបដល់ ភាគីរុស្ស៉ីដែរថាៈ ក្រោមការសម្រប សម្រួល ពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសសមាជិកអាស៊ាន បានអបអរសាទរ ចំពោះការពង្រីកកិច្ច សហប្រតិបត្តិការ ទេសចរណ៍ អាស៊ាន-រុស្ស៉ី ជាពិសេស ការជំរុញឲ្យមានការពិគ្រោះ យោបល់ អាស៊ាន-រុស្ស៉ីលើវិស័យ ទេសចរណ៍ រហូតដល់កម្រិតរដ្ឋមន្ត្រី លើកទី១ ដែលគ្រោងនឹងរៀបចំនៅអំឡុង នៃកិច្ចប្រជុំនានា នាឱកាសវេទិកា ទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) លើប្រធានបទ មួយចំនួនទៀត ដូចជា ទេសចរណ៍សមុទ្រ (Marine Tourism) កីឡាទេសចរណ៍ (Sports Tourism) សំដៅជំរុញបន្ថែមទៀត ក្នុងការវិនិយោគ ទេសចរណ៍ តំបន់ឆ្នេរ និងគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ពេលខាងមុខ៕