ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលបានសម្លៀកបំពាក់ពេទ្យ ទឹកសុទ្ធ ម៉ាស់ ថ្នាំបុរាណចិន និងស្បែកជើង ពីសមាគមស្បែកជើងកម្ពុជា រួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ

(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានទទួលអំ ណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ពីឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើង កម្ពុជា នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ឧកញ៉ា លី ឃុនថៃ ដែលជាវស័យឯកជន បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៅគ្រប់ សកម្មភាពមនុស្សធម៌។ សកម្មភាពទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេស ការរួមគ្នាកាត់ផ្តាច់អំពីការឆ្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យបានឆាប់នាពេលខាងមុខ។

អំណោយនាពេលនេះរួមមាន៖

១៖ សម្លៀកបំពាក់ពេទ្យ PPE ៣.០០០ឈុត

២៖ ទឹកសុទ្ធ ៣០០ កេស

៣៖ ម៉ាស ១០,០០០បន្ទះ

៤៖ ថ្នាំបុរាណចិន ៨០០ប្រអប់

៥៖ ស្បែកជើង ៥០០គូរ។

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបែងចែកអំណោយទាំងអស់នេះមួយផ្នែកជូន ដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ខេត្តស្វាយរៀង និងខេត្តមណ្ឌលគិវីផងដែរ។

គួរបញ្ជាក់ថា សមាគមស្បែកជើងកម្ពុជា តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរ ដែលទទួលរងគ្រោះដោយសារជំងឺកូវីដ១៩ តាមរយៈរូបភាពផ្សេងៗកន្លង មកនេះ។ ជាក់ស្តែង សមាគមនេះ បានបរិច្ចាគគ្រឿងឧបភោគបរិភោគ និងសម្ភារនានា ជូនដល់ ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តនានា ជាច្រើនរួចហើយដែរ៕