ក្រសួងសុខាភិបាលថៃកាលពីព្រឹកថ្ងៃព្រហស្បតិ៍បានរាយកា៍ថា មនុស្ស១៣.៦៥៥នាក់ទៀងបានឆ្លងកូវីដ១៩ថ្មីនៅ២៤ម៉ោងកន្លងទៅ និងអ្នកជំងឺកូវីដចំនួន៨៧នាក់បានស្លាប់។
កាលពីម្សិលមិញ អាជ្ញាធរបានប្រកាសរកឃើញអ្នកឆ្លងថ្មី១៣.០០២នាក់ និងស្លាប់ដោយកូវីដចំនួន១០៨នាក់។
សូមបញ្ជាក់ជូនថា ចាប់តាំងពីកូវីដ១៩រលកទី៣វាយប្រហារថៃតាំងពីដើមខែមេសាមក ប្រទេសនេះបានរកឃើញអ្នកឆ្លង៤២៤.២៦៩នាក់ និង៤៥៣.១៣២នាក់ចាប់តាំងពីកូវីដមានវត្តមានក្នុងព្រះរាជាណាចក្រនេះតាំងពីដើមឆ្នាំ២០២០មក។អ្នកជំងឺកូវីដសរុប ៣.៦០៣នាក់បានស្លាប់នៅក្នុងរលកទី៣ និង៣.៦៩៧នាក់ចាប់តាំងពីឆ្នាំមុនមក។
១៣.៦៥៥នាក់នេះជាចំនួនឆ្លងខ្ពស់បំផុតដែលថៃមិនដែលជួប ដោយការឆ្លងខ្ពស់បំផុតពីមុនគឺ១៣.០០២កាលពីថ្ងៃពុធម្សិលមិញ។
ប្រឈមនឹងកំណើនឆ្លងរាល់ថ្ងៃដូច្នេះ ហើយការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩មិនគ្រប់គ្រាន់តាមផែនការ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់ អូចា បានណែនាំទៅអាជ្ញាធរអោយបង្កើតគណៈកម្មាធិការមួយដើម្បីសិក្សាអំពីការប្រើឳសថរុក្ខជាតិហ្វា ថាឡៃ ចូន ឬgreen chiretta (Andrographis paniculata)ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩កំរិតស្រាល។
នាយករដ្ឋមន្ត្រីប្រាយុទ្ធ បាននិយាយកាលពីថ្ងៃពុធថា បទបញ្ជានេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីថ្ងៃអង្គារដើម្បីរកវិធីបន្ថែមនៅក្នុងការជួយទប់ស្កាត់ការផ្ទុះជំងឺឆ្លងកូវីដ១៩។
ដោយមានរដ្ឋមន្ត្រីសុខាភិបាលជាប្រធាន គណៈកម្មាធិការនេះនឹងសម្របសម្រួលការសិក្សាអំពីសុវត្ថិភាពនិងប្រសិទ្ធភាពថ្នាំគ្រាប់ពណ៌ខៀវផលិតចេញពីរុក្ខជាតិហ្វា ថាឡៃ ចូនលើអ្នកជំងឺកូវីដ១៩។វាត្រូវបានសំរេចឡើងក្រោយថៃជួបកំណើនការឆ្លងនិងស្លាប់ដោយកូវីដ១៩រាល់ថៃ ខ្វះវ៉ាក់សាំង ហើយមានសំណើពីរដ្ឋមន្ត្រីយុត្តិធម៌អោយជំរុញការប្រើឳសថបុរាណថៃប្រឆាំងនឹងវីរុសកូរ៉ូណា។
សំណើររបស់លោករដ្ឋមន្ត្រីត្រូវបានធ្វើឡើងបន្ទាប់ពីមានភស្តុតាងបង្ហាញថានាយកដ្ឋានអប់រំកែប្រែបានជោគជ័យក្នុងការព្យាបាលអ្នកទោសកើតកូវីដ១៩ចំនួន១២.៣៧៦នាក់ដោយប្រើថ្នាំគ្រាប់chiretta extractនេះ។
នាយកដ្ឋានពន្ធនាគារថៃបានសំរេចប្រើឳសថបុរាណលើអ្នកទោសកើតកូវីដកំរិតស្រាលបន្ទាប់ពីទទួលបានព័ត៌មានពីនាយកដ្ឋានឳសថបុរាណថៃដែលបានណែនាំអោយប្រើឳសថផលិតពីរុក្ខជាតិហ្វា ថាឡៃ ចូន សំរាប់អ្នកជំងឺកំរិតស្រាល៕