វៀតណាមកាលពីថ្ងៃអង្គារទី២០កក្កដា បាននិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្ទេរបច្ចេកវិទ្យាសំរាប់ផលិតវ៉ាក់សាំងកូវីដ១៩របស់រុស្ស៊ី និងអាម៉េរិកនៅក្នុងប្រទេសខ្លួន។
ប្រជាជាតិអាស៊ីអាគ្នេយ៍នេះចង់បង្កើនសមត្ថភាពវ៉ាក់សាំងរបស់ខ្លួន។
កាលពីខែឧសភា អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួននឹងពិនិត្យមើលសំណើពីក្រុមហ៊ុនឳសថមួយនៅវៀតណាម ដើម្បីផលិតវ៉ាក់សាំងកូវីដ១៩នៅក្នុងប្រទេសវៀតណាម។
ក្រសួងសុខាភិបាលវៀតណាមក៏បានពិភាក្សាជាមួយរុស្ស៊ីដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ Sputnik V។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ វៀតណាមក៏បាននិយាយថា ខ្លួននឹងទទួលវ៉ាក់សាំងPfizer/BioNTechរបស់អាម៉េរិកនិងអាឡឺម៉ង់ចំនួន២០លានដូសទៀត នាំអោយប្រទេសទទួលបានវ៉ាក់សាំងសរុប៥១លានដូស។
សូមបញ្ជាក់ថា ក្រោយទប់ស្កាត់កូវីដ១៩បានជោគជ័យភាគច្រើននៅដំណាក់កាលដំបូង វៀតណាមឥឡូវកំពុងប្រឈមការផ្ទុះកូវីដ១៩ខ្លាំងដោយចំនួនឆ្លងបានកើនដល់កំរិតខ្ពស់បំផុតមិនដែលមានពីមុនមក ដោយដាក់សម្ពាធអោយរដ្ឋាភិបាលខិតខំរកវ៉ាក់សាំងមកចាក់បង្ការអោយប្រជាជនខ្លួន។
ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃអង្គារបានរកឃើញអ្នកកើតកូវីដ១៩ថ្មីចំនួន ៤.៧៩៥នាក់ ដោយកើនពីចំនួន៤.១៩៥នាក់កាលពីថ្ងៃចន្ទ។វៀតណាមមានអ្នកកើតកូវីដ១៩សរុប ៦២.៨២០នាក់ និង៣៣៤នាក់ស្លាប់ដោយជំងឺនេះ៕