លោក ញៀន វីន អ្នកនាំពាក្យគណបក្សកាន់អំណាចមុនរដ្ឋប្រហារ បានស្លាប់ក្រោយឆ្លងកូវីដ១៩នៅក្នុងគុក។
អាជ្ញាធរបាននិយាយថា មនុស្សជំនិតរបស់លោកស្រី អ៊ុង សាន ស៊ូជីនិងជាអ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យឈ្មោះ ញៀន វីន បានទទួលមរណភាពកាលពីថ្ងៃអង្គារទី២០កក្កដា ក្រោយលោកឆ្លងកូវីដ១៩នៅក្នុងគុក។
ញៀន វីន ដែលជាសមាជិកជើងចាស់និងជាអតីតអ្នកនាំពាក្យគណបក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ (NLD)បានស្លាប់នៅអាយុ៧៨ឆ្នាំ។
លោកត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោយរដ្ឋប្រហារថ្ងៃ១កុម្ភៈ ដែលបានបណ្តេញគណបក្សNLDចេញពីអំណាច ហើយត្រូវបានឃុំខ្លួននៅពន្ធនាគារអ៊ីនសេនក្នុងក្រុងយ៉ាងហ្គោន ពីបទចោទប្រកាន់បះបោរប្រឆាំង។
អ្នកនាំពាក្យក្រុមប្រឹក្សាគ្រប់គ្រងរដ្ឋបាននិយាយថា «លោកញៀន វីន ត្រូវបានពិនិត្យឃើញឆ្លងកូវីដ១៩កាលពីថ្ងៃ១១កុម្ភៈ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យធំក្នុងក្រុងយ៉ាងហ្គោន…ដើម្បីព្យាបាល។លោកបានស្លាប់នៅព្រឹកនេះវេលាម៉ោង៩ព្រឹកនៅមន្ទីរពេទ្យ»។
អ្នកនាំពាក្យបានបន្ថែមថា លោកញៀនវីន ក៏មានជំងឺលើសឈាមនិងទឹកនោមផ្អែមស្រាប់។ មីយ៉ាន់ម៉ា ដែលធ្លាក់ក្នុងភាពវឹកវរចាប់តាំងពីរដ្ឋប្រហារ ហើយបុគ្គលិកសុខាភិបាលភាគច្រើនមិនចូលធ្វើការ កំពុងស្ថិតក្រោមការវាយប្រហារខ្លាំងពីកូវីដ១៩។បណ្តាមន្ទីរពេទ្យពាសពេញប្រទេសកំពុងខ្វះគ្រូពេទ្យ ខ្វះគ្រឿងបរិក្ខាវេជ្ជសាស្ត្រ គ្រែពេទ្យ និងអុកស៊ីសែន។
បណ្តាគុកក្នុងប្រទេសនេះក៏ពេញដោយអ្នកទោស ដោយសារតែការបង្ក្រាបលើអ្នកប្រឆាំងនឹងរដ្ឋប្រហារ ដែលជាហេតុនាំអោយមានការបារម្ភអំពីការផ្ទុះជំងឺនៅក្នុងគុក តែអ្នកនាំពាក្យបាននិយាយថាមានអ្នកទោសតែ៣៧៥នាក់បានឆ្លងកូវីដ១៩នៅទូទាំងប្រទេស៕