ត្រីម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកមនុស្ស ៨ នាក់ទៀត មានមនុស្សប្រុសស្រីចាស់ ក្មេង រងរបួសយ៉ាងដំណំ ក្នុងនោះ មានក្មេងស្រីម្នាក់ រងរបួសធ្ងន់ បែកលលាដ៍ក្បាល សន្លប់ឈឹង បន្ទាប់ពីរថយន្តកុងតឺន័រ បើកបរជែងជ្រុល ទៅបុករ៉ឺម៉កម៉ូតូកង់បី ក្រឡាប់ចាក់មនុស្ស ចោលពេញផ្លូវ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ មុខខ្លោងទ្វារវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។
ស្ត្រីដែលស្លាប់ ក្នុងហេតុការណ៍នោះ ឈ្មោះ វឿន ស្រីនី អាយុ៤៦ឆ្នាំ មុខរបរ ដើរសុំទាន មានប្តីឈ្មោះ ម៉ក់ ចិត្ត្រា អាយុ៣៦ឆ្នាំ មុខរបរ ដើរសុំទាន ។
ចំណែកអ្នកបើករ៉ឺម៉កកង់បី ត្រូវជាក្មួយ មានឈ្មោះ ម៉ៅ ដន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ដើរសុំទាន និងជនរងគ្រោះ ចំនួន ៨ នាក់ទៀត ត្រូវជាក្មួយ តូចៗ សរុបជិះលើរ៉ឺម៉ក មានគ្នា ៩ នាក់ សុទ្ធតែអ្នកប្រកបរបរ ដើរសុំទាន ស្នាក់នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើត នៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ដោយឡែក រថយន្តបង្ក កុងតឺន័រ ម៉ាក នីសាន់ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ព្រះសីហនុ 3A-6481 អ្នកបើកបរ គេចខ្លួនបាត់ ។
តាមស្ត្រីអ្នកបើករ៉ឺម៉ក បុរសឈ្មោះ ម៉ៅ ដន ត្រូវជាក្មួយរបស់សព បានឲ្យដឹងថាៈ សព្វថ្ងៃ ពួកគាត់ជាអ្នកដើរសុំទាន តាមមុខរោងចក្រ ហើយមុនកើតហេតុ ពួកគាត់ មានគ្នា ៩ នាក់ មានមនុស្សចាស់ ៤ នាក់ ក្មេងតូចៗ ៥ នាក់ ធ្វើដំណើរតាមរ៉ឺម៉កម៉ូតូកង់បី ពាក់ស្លាកលេខ កណ្តាល 1E-4031 ក្នុងបំណងចេញទៅរកសុំទាន នៅមុខរោងចក្រ ដោយបើកតាមបណ្តោយ ផ្លូវជាតិលេខ៤ ពីទិសខាងលិច ទៅខាងកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកុងតឺន័រ បើកពីទិសខាងកើត ទៅខាងលិច ក្នុងល្បឿនលឿន វ៉ាជែង ជ្រុលមកកៀររ៉ឺម៉ក ក្រឡាប់ ហើយកិន បណ្តាលឲ្យស្លាប់ ស្ត្រីម្នាក់ នៅកន្លែងកើតហេតុ និង ៨ នាក់ទៀត រងរបួស ក្នុងនោះ របួសធ្ងន់ក្មេងស្រីម្នាក់ ។
បើតាមពលរដ្ឋ ឃើញហេតុការណ៍ បានឲ្យដឹងថា ពេលដែលរថយន្តកុងតឺន័រ កៀររ៉ឺម៉ក បណ្តាលឲ្យ ស្ត្រីរងគ្រោះម្នាក់ ផ្លោងហោះទៅបុកផ្ទប់កញ្ចក់រថយន្ត ធ្លាក់មកវិញ រថយន្ត បើកកិន តែម្តង ទើបបណ្តាល ឲ្យបែកក្បាលខ្ទេច ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ ជៀសវាងកកស្ទះ និងកសាងឯកសារ ប្រគល់សពជូន ក្រុមគ្រួសារចាត់ចែង ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ។ ចំពោះក្មេងស្រីម្នាក់ រងរបួសធ្ងន់ បែកក្បាល សើយលលាដ៍ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានប្រគល់ឲ្យទៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ វាស់វែងយកមធ្យោបាយ ទាំង ២ ទៅរក្សាទុក រង់ចាំដោះស្រាយ នៅពេលក្រោយ ៕