អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ប្រាប់នៅយប់ថ្ងៃទី២០ ខែកក្កដានេះថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅមិនទាន់មានព័ត៌ មានផ្លូវការអំពីចំនួនពលករខ្មែរដែលឆ្លងជំងឺកូវីដនៅក្នុងប្រទេសថៃនៅឡើយទេ។ស្ថានទូតកំពុងតែធ្វើការជាមួយអាជ្ញាធរថៃ។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានធ្វើឡើងបន្ទាប់ពីមន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃបានផ្សព្វផ្សាយព័ត៌មានថា គិតមកដល់ជិត ចុងខែកក្កដា ឆ្នាំ២០២១នេះ ពលករខ្មែរប្រមាណ ៩ពាន់នាក់ហើយ ដែលកំពុងរស់នៅនិងធ្វើការ នៅប្រទេសថៃ បានឆ្លងជំងឺកូវីដ-១៩ ខណៈពលករខ្មែរជាស្រ្តីម្នាក់នៅថៃ ទើបនឹងបាត់បង់ជីវិត ដោយសារជំងឺនេះ។
ទាក់ទងព័ត៌មាននេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តមកុយ គួង បានបញ្ជាក់ថា “យើងមិនទាន់មានព័ត៌មានផ្លូវការច្បាស់លាស់អំពីចំនួនពលករខ្មែរដែលឆ្លងកូវីដទេ។ ស្ថានទូតកំពុងធ្វើការជាមួយអាជ្ញាធរថៃ ផ្ទៀងផ្ទាត់ចំនួន និងឈ្មោះពលករ ព្រោះអាចច្រឡំជាមួយ ពលករឡាវ និងមីយ៉ាន់ម៉ា”។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ប្រទេសថៃមានឆ្លងជំងឺកូវីដ១៩ មានចំនួន ៤២៦ ៤៧៥ នាក់ , អ្នកជាសះស្បើយមានចំនួន ២៩៦ ២០៨ នាក់ អ្នកកំពុងព្យាបាលមានចំនួន ១២៦ ៧៦៥ នាក់ និងស្លាប់មានចំនួន ៣ ៥០២នាក់៕