ឯកឧត្តម ស សុខា ប្រតិកម្ម ក្រោយជំនួបដ៏ចម្រូងចម្រាសរវាងអង្គរថាយហ្គឺរ និងណាហ្គាម្សិលមិញ

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រតិកម្មទាំងយប់ទៅ នឹងការប្រកួតសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជា រវាងក្រុមអង្គរថាយហ្គឺរ និងក្រុមណាហ្គាវើលដ៏ ដែលបញ្ចប់ដោយចម្រូងចម្រាសនៅល្ងាចថ្ងៃទី២០ ខែកក្កដា ស្របពេលមានមតិរិះគន់ច្រើនលើ អាជ្ញាកណ្ដាលក្នុងការប្រកួតនេះផងដែរ។

ប្រតិកម្មរបស់រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាខាងលើ គឺបានស្ដែងចេញនូវការ គាំទ្រទៅនឹងការលើកឡើងរបស់ប្រធានក្លិបអង្គរថាយហ្គឺរលោក Akihiro Kato ដែលបានសម្ដែង ការមិនពេញចិត្តចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលក្នុងការប្រកួតជាមួយណាហ្គាកាលពីល្ងាចមិញ ខណៈការប្រកួតបានបញ្ចប់ដោយណាហ្គា យកឈ្នះម្ចាស់ផ្ទះអង្គរថាយហ្គឺរ ២-១។

បុរសជនជាតិជប៉ុន លោក Akihiro Kato បានបង្ហាញចម្ងល់លើបណ្ដាញសង្គម ភ្ជាប់ជាមួយ វីដេអូខ្លីមួយថា «រហូតមកដល់ពេលនេះ ខ្ញុំបានលះបង់របស់របរផ្សេងៗ។ តើ foul នេះនៅឯណា? តើនេះពិតជាល្អសម្រាប់បាល់ទាត់កម្ពុជាមែនទេ? ព្រោះយើងជាក្លឹបជប៉ុន?»។

ការលើកឡើងនេះ បន្ទាប់ពីលោកមិនពេញចិត្តគ្រាប់បាល់ ដែលតែតបញ្ចូលទីដោយកីឡាករ Da Cruz នៅនាទី៥៤ តែបែរជាអាជ្ញាកណ្ដាលមិនឲ្យទៅវិញ។

ជុំវិញរឿងនេះ ឯកឧត្តម ស សុខា បាននិយាយថា «ខ្ញុំសូមចូលរួមជាមួយលោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato ) ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ។ ១៖ រឿងនេះកើតឡើងដដែលៗ ច្រើនលើក ច្រើនសារពេកហើយ។ ២៖ ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលានយល់ថា មានការ លំបាក ក៏ប៉ុន្តែយើងត្រូវតែមើលមួយចំហៀងទៀត ការដាក់ទុនរបស់ក្លិបនីមួយៗសព្វថ្ងៃ ក្នុង១ឆ្នាំៗ ចំណាយមិនក្រោមជាង ៦០ម៉ឺន ទៅ ១លានដុល្លារទេ។ ដូច្នេះទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តា ជួយពិនិត្យមើលការងារនេះ និងធ្វើការវាយតម្លៃទៅលើអាជ្ញាកណ្តាលឡើងវិញ»។

ស្ថាបនិកក្លិបបាល់ទាត់វិសាខាដដែលបន្ដថា «ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមអរគុណចំពោះលោក អាគីហ៊ីរ៉ូ កាតូ (Akihiro Kato ) ដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីវិស័យកីឡាបាល់ទាត់នៅ កម្ពុជាអស់ជាច្រើនឆ្នាំមកនេះ»។

គួរដឹងថា ជំនួបរវាងក្រុមខ្លាំងខាងលើកាលពីល្ងាចមិញ វគ្គទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ ខណៈចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាយ៉ាងខ្លាំង ហើយក៏មានការប៉ះទង្គិចគ្នា ច្រើនដែរ រហូតត្រូវបានអាជ្ញាកណ្ដាល លោក ឃិន ឧសីហា ចាយកាតលឿងអស់ចំនួន ៧ និងកាតក្រហមចំនួន២ ឯណោះ ពោលគឺខ្សែការពារ ២រូបរបស់អង្គរថាយហ្គឺរ ដែលត្រូវបានបណ្ដេញចេញពី ទីលាននៅចុងម៉ោង រួមមានកីឡាករ ស្រាំង ទិត្យឈី នៅនាទី៧៩ និងកីឡាករ ឈង់ ប៊ុនណាត នៅនាទី៨៧ ។

អ្វីដែលធ្វើឲ្យម្ចាស់ក្លិប កីឡាករ និងអ្នកគាំទ្រមិនអស់ចិត្ត រហូតផ្ទុះការរិះគន់យ៉ាងខ្លាំង មិនត្រឹមតែ គ្រាប់បាល់តែតបញ្ចូលទីរបស់ Da Cruz ហើយត្រូវបានអាជ្ញាកណ្ដាលមិនឲ្យក្រោម លក្ខខណ្ឌ បាល់ខុសលក្ខខណ្ឌនោះទេ សូម្បីការផ្ដល់បាល់ពិន័យ ១១ម៉ែត្រដល់ក្រុមណាហ្គាវើលដ៏ ដោយហេតុផ លបាល់ប៉ះដៃ ស្រាំង ទិត្យឈី ក្នុងប្រអប់គ្រោះថ្នាក់ នៅនាទី៧២ ក៏ជាប្រធានបទក្ដៅផងដែរ ដ្បិតសាមីខ្លួនបានចេញមុខអះអាងថា មិនបានប៉ះដៃនោះទេ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតដ៏ចម្រូវចម្រាសនេះ ក្រុមណាហ្គាវើលដ៏ បានឡើងទៅឈរលេខរៀងទី៣ បណ្ដោះអាសន្ន ដោយមាន ១៧ពិន្ទុក្នុងដៃ បន្ទាប់ពីប្រកួតបាន ៨លើកឈ្នះ ៥ ស្មើ ២ និងចាញ់ ១ ខណៈក្រុមអង្គរថាយហ្គឺរ ទោះបីរបូត ៣ពិន្ទុ តែពួកគេបានបន្ដឈរកំពូលតារាង គ្រាន់តែកាត់បន្ថយគម្លាតពិន្ទុពីគូប្រជែង បន្ទាប់ពីឆ្លងកាត់ ៩ប្រកួតឈ្នះ ៦ ស្មើ ១ និងចាញ់ ២ រកបាន ១៩ពិន្ទុក្នុងដៃ៕