យោធាចិនព្រមានថា ទំនប់វារីអគ្គិសនីស្ថិតនៅភាគកណ្តាលប្រទេស «អាចនឹងបាក់គ្រប់ពេលវេលា»

តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ បានអោយដឹងថា យោធាចិនបានធ្វើការព្រមានថា ទំនប់វារីអគ្គិសនីដ៏ធំមួយ ដែលស្ថិតនៅក្នុងខេត្ត ភាគកណ្តាលប្រទេស អាចនឹងបាក់គ្រប់ពេលវេលា បន្ទាប់ពីវាបានរងទទួលរងភ្លៀងធ្លាក់យ៉ាងដំណំ ដែលបានបណ្តាលឲ្យកម្រិតទឹក កើនឡើងខ្ពស់បំផុត។ អាជ្ញាធរឧតុនិយមនៃប្រទេសចិន បានចេញ សេចក្តីព្រមានក្នុងកម្រិតខ្ពស់បំផុត សម្រាប់ខេត្ត ហឺណាន (Henan) ភាគកណ្តាលប្រទេស ខណៈ ភ្លៀងធ្លាក់យ៉ាងសន្ធប់ ដែលបង្កឡើងដោយព្យុះ បាននិងកំពុងបង្កឲ្យមានការរាំងស្ទះ ដោយសារទឹក ជំនន់យ៉ាងគំហុក កើតមានតាមផ្លូវ កំលុងពេលដែលប្រជាជនងាយរងគ្រោះ ត្រូវជម្លៀសចេញ ទៅកាន់ទីកន្លែងមានសុវត្ថិភាព។

កាលពីយប់ថ្ងៃអង្គារ កងទ័ពរំដោះប្រជាជនចិន (PLA) បានព្រមានថា ភ្លៀងធ្លាក់ឥតឈប់ឈរបាន បង្កឲ្យមានស្នាមប្រេះប្រវែង ២០ម៉ែត្រ នៅតំបន់ទំនប់វារីអគ្គិសនី យីហឺតាន់ (Yihetan) ស្ថិតក្នុងទី ក្រុង ឡយ៉ាង (Luoyang) ដែលមានប្រជាជនរស់នៅជាង ៧លាននាក់ ហើយវាអាចបាក់គ្រប់ ពេលវេលា។

បើតាមសេចក្តីប្រកាសរបស់ទីបញ្ជាការថ្នាក់មជ្ឈិមនៃ PLA កងកម្លាំងរបស់ខ្លួន ត្រូវបានបញ្ជូនទៅ កាន់តំបន់ទំនប់វារីអគ្គិសនីខាងលើនេះ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់ ព្រមទាំងបង្វែទិស ដៅទឹកជំនន់។ គួរបញ្ជាក់ថា ទឹកជំនន់ និងព្យុះភ្លៀងទាំងតូចទាំងធំ តែងតែបង្កការគំរាមកំហែង មកលើប្រទេសចិនយ៉ាងដំណំ ជាពិសេសទៅលើខេត្តភាគកណ្តាល ភាគអាគ្នេយ៍ និងខេត្តជាប់ឆ្នេរ សមុទ្រ នៅអំលុងរដូវវស្សារៀងរាល់ឆ្នាំ៕