តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែបន្តមើលឃើញ ការកើនឡើងវិញនៃករណីឆ្លង COVID-19 ជាប្រចាំថ្ងៃ ក្នុងកំលុងពេល ៤សប្តាហ៍ជាប់ៗគ្នាមកនេះ ខណៈវីរុសបម្លែង Delta ត្រូវបានគេជឿជាក់ថា កំពុងតែធ្វើឲ្យអនាគតសហរដ្ឋអាមេរិក មានភាពមិនច្បាស់លាស់ឡើងវិញ ពាក់ព័ន្ធកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ជំងឺរាតត្បាតសកល ដ៏កាចសាហាវមួយនេះ។
បើតាមរបាយការណ៍ពីសាកលវិទ្យាល័យ Johns Hopkins អត្រាឆ្លង COVID-19 នៅសហរដ្ឋ អាមេរិកបច្ចុប្បន្នគឺ ៣២,០០០នាក់ក្នុងមួយថ្ងៃ ឬស្មើនឹងការកើនឡើង ៦៦% បើធៀបនឹងសប្តាហ៍ មុន និង ១៤៥% បើធៀបនឹងពីរសប្តាហ៍មុន។ យ៉ាងណាក៏ដោយ អត្រាស្លាប់ប្រចាំថ្ងៃគឺ ២៥៨នាក់ ឬស្មើនឹងការកើនឡើង ១៣% បើធៀបនឹងសប្តាហ៍មុន។
ដោយឡែកចំនួនអ្នកជំងឺ ដែលកំពុងទទួល ការព្យាបាលនៅតាមមន្ទីរពេទ្យ ក៏បានកើនឡើង ៥០% ផងដែរ បើធៀបនឹងរយៈពេលពីរសប្តាហ៍ មុន។
សូមបញ្ជាក់ថា ការស្ទុះងើបឡើងវិញ នៃចំនួនករណីឆ្លង និងស្លាប់នៅទូទាំងសហរដ្ឋអាមេរិក គឺ ដោយសារការរាតត្បាតកាន់តែខ្លាំង នៃវីរុសបម្លែងថ្មី Delta ខណៈប្រជាជនជាង ៥០% ក្នុងចំណោម ប្រជាជនអាមេរិកសរុប ៣៣២លាននាក់ នៅមិនទាន់ទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅឡើយ។
ជុំវិញស្ថានការណ៍ដ៏ផុយស្រួយខាងលើនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងក្រុមអ្នក ជំនាញកំពូលៗផ្នែកសុខាភិបាល នៅតែបន្តជំរុញយ៉ាងទទូចឲ្យប្រជាជនទាំងឡាយ ដែលមិនទាន់ បានចាក់វ៉ាក់សាំង ត្រូវបានប្រញាប់ទៅទទួលការចាក់ ដើម្បីគេចផុតពីវីរុស COVID-19 បម្លែងថ្មី Delta ដែលជាប្រភេទវីរុសចម្លងរហ័សជាងវីរុសធម្មតា និងធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬងាយ នឹងបាត់បង់ជីវិត៕