ចាប់ពីថ្ងៃទី២១-២៧ ខែកក្កដា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង, សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសអ្នកដំណើរតាមសមុទ្រ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ ២៧ ខែកក្កដា ឆ្នាំ២០២១។

ក្រសួងបញ្ជាក់ថា នៅសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល៖

* ពីថ្ងៃទី ២១-២២ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង, ប្រព័ន្ធសម្ពាធទាបភ្ជាប់ និងព្យុះលើកទី៧ សេម៉ាកា (CEMPAKA)
* ពីថ្ងៃទី ២៣-២៧ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីកម្រិតខ្លាំង, ជ្រលងសម្ពាធទាបពីប្រទេសចិន និងប្រព័ន្ធសម្ពាធទាប។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C
* នឹងអាចមានភ្លៀងមធ្យមទៅបង្គរ លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង ។ លើកលែងតែបណ្តាខេត្តនៅភាគខាងក្រោមនឹងអាចមានភ្លៀងធ្លាក់តិចទៅមធ្យម លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង ។

២៖ បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ °c
* សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
* អាចមានភ្លៀងពីកម្រិតបង្ហូរទៅច្រើន ផ្គរ រន្ទះតិចតួច លាយឡំនឹងខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំងពិសេស នៅតាមតំបន់ជួរភ្នំក្រវាញ់ ជួរភ្នំដងរែក និងបណ្តាខេត្ត ដែលស្ថិតនៅតាមដងទន្លេមេគង្គ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៤°C
* សីតុណ្ហភាពអតិបរមា មានពី ២៥-២៨ °C
* អាចមានភ្លៀងពីកម្រិតបង្គរទៅច្រើន ផ្គរ រន្ទះបង្គរ លាយឡំនឹងខ្យល់កន្ត្រាក់ក្នុងលឿនខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។ ទន្ទឹមនោះលទ្ធភាពនៃជំនន់ទឹកភ្លៀង (Flash Flood) ក៏មានភាគរយខ្ពស់ផងដែរ។

ក្រសួងបន្តថា អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជានេសាទបង្កើនការប្រុងប្រយ័ត្នខ្ពស់៕