លោក ចូ បៃដិន រិះគន់ចំៗលើ Facebook ដែលបណ្តោយឲ្យមានការបង្ហោះ ព័ត៌មានមិនពិតអំពីវ៉ាក់សាំងកូវីដ-១៩

តាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ បាន បញ្ជាក់អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលា នៅវ៉ាស៉ីនតោន) បានថ្លែងថា វេទិកាបណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook «កំពុងតែសម្លាប់ មនុស្ស» បន្ទាប់ពីសេតវិមានបន្តការរិះគន់ក្រុមហ៊ុននេះ ដែលអនុញ្ញាតឱ្យមានព័ត៌មានមិនពិត អំពីវ៉ាក់ សាំងបង្ការជំងឺ COVID-19 ត្រូវបានផ្សព្វផ្សាយនៅលើវេទិការបស់ខ្លួន។

នៅពេលត្រូវបានគេសួរអំពីព័ត៌មានមិនពិតនិងអ្វីដែលជាសារផ្ញើរទៅកាន់បណ្ដាញទំនាក់ទំនងសង្គមនានា ដូចជា Facebook លោក បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មានថា «ពួកគេកំពុងតែ សម្លាប់មនុស្ស។ សូមមើលទៅ… ជំងឺរាតត្បាតកំពុងឆ្លងរាតត្បាតតែក្នុងចំណោមអ្នក ដែលមិនទាន់ ទទួលការចាក់វ៉ាក់សាំងប៉ុណ្ណោះ»។

ទោះជាយ៉ាងណា ក្រុមហ៊ុន Facebook បានច្រានចោលការរិះគន់របស់លោក បៃដិន ដោយ និយាយបកវិញថា «ការខិតខំរបស់ខ្លួនដើម្បីយកការពិតចេញមក គឺពិតជាជួយសង្គ្រោះអាយុ ជីវិតមនុស្ស។ យើងនឹងមិនបង្វែងដាន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដោយសារការចោទប្រកាន់ ដែលមិនត្រូវបានគាំទ្រដោយអង្គហេតុឡើយ»។

បើតាមស្ថិតពី Faceboo មនុស្សជាង ២ពាន់លាននាក់បានមើលព័ត៌មានអំពីជំងឺ COVID-19 និងវ៉ាក់សាំងបង្ការជំងឺនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដែលវាមានចំនួនច្រើន ជាងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗទៀត នៅលើប្រព័ន្ធអ៊ីនធើណេតបច្ចុប្បន្ន៕