ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៩២នាក់ថែមទៀត ខណៈអ្នកជំងឺ ៥៦នាក់ ជាសះស្បើយ

រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៩២នាក់បន្ថែមទៀត ខណៈ អ្នកជំងឺ ៥៦នាក់ បានជាសះស្បើយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺដែលទើបរកឃើញនេះ ករណីទី១ ដល់ទី២៧ ជាករណីមាន ប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី២៨ ដល់ទី៣២ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ ស្រង៉ែ និងករណីទី៣៣ ដល់ទី៤៧ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារឈូក។

ករណីទី៤៨ ជាករណីមានប្រភពចម្លងចេញពីអ្នកដំណើរមកពីខេត្តបាត់ដំបង, ករណីទី៤៤ ជាករណី ឆ្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ, ករណីទី៥០ ដល់ទី៥១ ជាករណីឆ្លងបន្តពីពលករឈ្មោះ ថាំង វណ្ណា, ករណីទី៥២ ដល់ទី៧០ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់ នៅឡើយ។

ករណីទី៧១ ដល់ទី៩២ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជា ករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

ដោយឡែកអ្នកជំងឺដែលជាសះស្បើយទាំង ៥៦នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្ត ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២,៩៨៣នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១,១៦៥នាក់ ស្លាប់ ២៦នាក់ និង១៧៣៥នាក់ កំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការ ខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយ ប្រយោលជាមួយអ្នកវិជ្ជមានខាងលើសូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់ ១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្ត កាតព្វកិច្ចចត្តាឡីស័ករដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕