អ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ គិតមកដល់ម៉ោងនេះ បានកើនឡើងដល់ជិត ១ពាន់នាក់ហើយ និងមានអ្នកជាសះ ជាច្រើនរយនាក់ហើយ

អ្នកជំងឺព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ គិតមកដល់ ម៉ោងនេះ បានកើនឡើង ដល់ចំនួនជិត ១ ពាន់នាក់ហើយ ហើយក្នុងចំនួននេះ ក៏មានអ្នកសះជា ពីជម្ងឺនេះ ជាច្រើនរយនាក់ផងដែរ ក្រោមការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ និងអាជ្ញាធរ ទៅតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងលើកទឹកចិត្ត អោយមានការព្យាបាល ជម្ងឺកូវីដ-១៩ នៅតាមផ្ទះ ខណៈដែលជម្ងឺនេះ ពីមួយថ្ងៃទៅមួយថ្ងៃ មិនមានការថមថយសោះ។

នេះបើតាមការបង្ហាញឱ្យដឹង ក្នុងកិច្ចប្រជុំមួយ តាមរយៈ Video Conference ជាមួយលោក ស្នងការការនគរបាលរាជធានី លោកមេបញ្ជាការកងរាជអាវុធ ហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ កក្កដា ២០២១ នៅសាលារាជធានី ភ្នំពេញ ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ គិតមកដល់ម៉ោងនេះ អ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ បានកើនឡើងដល់ចំនួន ៩១៥ នាក់ហើយ ហើយក្នុងចំនួននេះ មានអ្នកសះជាពីជម្ងឺនេះ ចំនួន២៦៨នាក់ និងមានអ្នកកំពុងព្យាបាល ចំនួន៦៤៧នាក់ ស្រីចំនួន ៣១៧ នាក់។លោកបានបញ្ជាក់ថាៈ ការកើនឡើងនូវចំនួន អ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ នៅប៉ុន្មានថ្ងៃនេះ ដោយសារតែយើង បានលើកទឹកចិត្តអោយពួកគាត់បានព្យាបាល ជំងឺកូវីដ-១៩ នៅតាមផ្ទះ ។

លោក បានបន្តថាៈ ចំពោះអ្នកជម្ងឺ ដែលមាននឹងកំពុងព្យាបាល នៅតាមមណ្ឌល ពួកគាត់ អាចសុំការអនុញ្ញាត សូមប្តូរទៅព្យាបាល នៅតាមផ្ទះវិញបាន តែត្រូវមាន កិច្ច សន្យាមួយ ជាមួយក្រុមការងារ ដោយភ្ជាប់នូវ លក្ខខ័ណ្ឌច្បាប់មួយចំនួន ហើយយើងជាអ្នករាយ ការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រង មើលខុសត្រូវ ពួកគាត់។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ បងប្អូនប្រជា ពលរដ្ឋ ក្រោយការពិនិត្យ ធ្វើតេស្តទៅឃើញវិជ្ជមានកូវីដ-១៩ ក្នុងនាមជាអាជ្ញាធរ និងក្រុមគ្រូពេទ្យ ត្រូវសួរនាំពួកគាត់ថា តើមានលទ្ធភាព ទៅព្យាបាល នៅតាមផ្ទះទេ បើមាន យើងត្រូវជូនពួកគាត់ មកផ្ទះ ខ្លាចពួកគាត់ទៅណា ផ្តេសផ្តាសមុនចូលផ្ទះ។

នៅផ្ទះទៀតសោត ទោះបីផ្ទះនោះ ជាផ្ទះអ្នកណាក៏ដោយ ត្រូវតែដាក់ស្លាកសញ្ញា (ឡូហ្គោ ) ដែលចេញដោយសាលារាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋ ផ្សេងទៀត បានដឹង និងចេះប្រយ័ត្នខ្លួន។

ចំពោះសំរាមនៅផ្ទះ អ្នកព្យាបាលជម្ងឺកូវីដ-១៩ មិនអនុញ្ញាតអោយយកចេញរាល់ថ្ងៃទេ គឺត្រូវទុករយៈពេល ៧២ ម៉ោង ទើបអោយ យកចេញមកក្រៅម្តង ព្រោះខ្លាចរីករាលដាលជម្ងឺកូវិដ-១៩។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាទៅអាជ្ញាធរខណ្ឌ ទាំង ១៤ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារ ព្យាបាល នៅតាមផ្ទះនេះ ដោយ អាយុជីវិត និងជោគវាសនាពួកគាត់ ត្រូវពឹងពាក់ មកលើយើងហើយ។ឯកឧត្តម យល់ឃើញថាៈ ការព្យាបាល តាមផ្ទះនេះ ពិតជាទទួលបាន ជោគជ័យ ដោយសារតែប្រជាពលរដ្ឋ ចូលរួមសហការ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការងារនៃ ការព្យា បាលតាមផ្ទះនេះ។

សូមបញ្ជាក់ថា ការរៀបចំអោយមានការព្យាបាល អ្នកជំងឺកូវីដ-១៩ តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះ រាជធានីភ្នំពេញ បានឈានមួយជំហាន ទៅមុខរួចហើយ ដោយមកដល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៩១៥ នាក់ហើយ បានព្យាបាលនៅតាមផ្ទះនិង មានអ្នកសះជា ចំនួន២៦៨នាក់ និងអ្នកកំពុងព្យាបាល ចំនួន៦៤៧នាក់ ស្រីចំនួន៣១៧នាក់៕