សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគត្រូវបានរាជរដ្ឋាភិបាលអនុម័តទាំងស្រុងហើយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នេះ។ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ នេះ មានការកែសម្រួលនូវពាក្យពេចន៍ និងខ្លឹមសារ នៃមាត្រា៩ ជំពូកទី៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំនោះថា សំណើច្បាប់នេះ ជាមូលដ្ឋានគតិយុត្តិ សម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ជាសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលត្រូវបានផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។
ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា ការងារសិក្សា និងតាក់តែងសេចក្តីព្រាងច្បាប់បឋមនេះ ត្រូវបាន ធ្វើឡើងយ៉ាងម៉ត់ចត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក. អ. ក)។ នៅក្នុងកិច្ចដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ បានប្រជុំពិគ្រោះយោបល់ជាមួយតំណាង ផ្នែកឯកជន និងអង្គពាក់ព័ន្ធផ្សេងទៀត ជាច្រើនលើកច្រើនសារ ដើម្បីធ្វើការប្រមូលធាតុចូល។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគ រៀបចំ ឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណ ទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើក កម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និង ប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា។
សេចក្តីព្រាងច្បាប់ក៏ត្រូវបានរៀបចំឡើងឱ្យមានភាពបត់បែន ដោយមានការផ្តល់ការលើកទឹកចិត្ត ពិសេសចំពោះវិស័យនិងសកម្មភាពវិនិយោគជាក់លាក់ណាមួយដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹក ចិត្តពិសេសនេះ នឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។
ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន សេចក្តីព្រាងច្បាប់នេះ បានដាក់បញ្ចូលនូវកាតព្វកិច្ចជា អន្តរជាតិមួយចំនួនរបស់កម្ពុជាដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារវិនិយោគនិងផ្តល់ការធានាដោយអនុលោមតាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគ ផងដែរ។
នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវី២១៩ ដែលកំពុងញាំញីពិភពលោក រួមទាំងកម្ពុជាផង សេចក្តីព្រាង ច្បាប់ស្តីពីវិនិយោគនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ម្រាប់ប្រទេសកម្ពុជា ដោយសារ សេចក្តីព្រាងច្បាប់នេះនឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេសនិងការវិនិយោគក្នុងស្រុក៕