វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស៊ីណូហ្វាម ចំនួន ១លានដូសបន្ថែមទៀត នឹងដឹកពីចិន មកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ ថា វ៉ាក់សាំងស៊ីណូហ្វាម ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលនេះ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជាវេលាម៉ោងប្រមាណ ១០ព្រឹក។
បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសថ្លែងសារពិសេស កាលពីថ្ងៃទី០១ ខែកក្កដា បានឱ្យដឹងថា ក្នុងខែកក្កដា នេះ វ៉ាក់សាំងពីប្រទេសចិន នឹងមកដល់កម្ពុជាចំនួន ៥លានដូស។
ក្នុងនោះនៅថ្ងៃទី៦ ខែកក្កដា ចំនួន ១លានដូស។ នៅថ្ងៃទី១០ ខែកក្កដា មកដល់ចំនួន ៤លានដូស ក្នុងនោះ ១លានដូស ជាស៊ីហ្វាម ហើយ ៣លានដូសជាស៊ីណូវ៉ាក់។
ដោយឡែកនៅខែសីហា ខាងមុខនេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងចំនួន ៤លានដូសបន្ថែមទៀត។ វ៉ាក់សាំង ដែលកម្ពុជាទទួលបានក្នុងខែកក្កដា និងខែសីហា នេះ គឺជាចំនួនវ៉ាក់សាំងគម្រប់ ២០លានដូស ដែលបានកំណត់ក្នុងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការរកយកមកចាក់ជូនប្រជាពលរដ្ឋ។
វ៉ាក់សាំង គឺឧបករណ៍យុទ្ធសាស្ត្រមួយសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាពលរដ្ឋពីជំងឺកូវីដ១៩។
តាមរយៈវ៉ាក់សាំង ដែលកម្ពុជាទទួលបានជាបន្តបន្ទាប់ជួយឱ្យកម្ពុជាសម្រេចផែនការលើការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។
គិតត្រឹមថ្ងៃទី០៤ ខែកក្កដា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេសនៅកម្ពុជា បានចំនួនជាង ៤.៥លាននាក់ហើយ ស្មើនឹងជាង ៤៥ភាគរយ នៃចំនួនប្រជាពលរដ្ឋត្រូវចាក់ក្នុងផែនការ។
លទ្ធផលដែលសម្រេចបានលើការងារចាក់វ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក រដ្ឋាភិបាលចិន គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាមួយលើកម្មវិធីចាក់វ៉ាក់សាំង។
សម្តេចតេជោ បានលើកឡើងថា បើគ្មានការជួយគាំទ្ររបស់ចិនទេនោះ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមិន បាន ២០ម៉ឺននាក់នោះឡើយ។
កាលពីថ្ងៃទី០១ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកចិត្តធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជាផងដែរ៕