សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នេះ បានអញ្ជើញចូល រួមជាអធិបតីក្នុងពិធីប្រកាស តែងតាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ចូលកាន់តំណែងជា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង នៅឯសាលាខេត្តនេះ ។
នៅក្នុងពិធីនេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អតីតប្រធានគណៈកម្មាធិការ គណបក្សប្រជាជន កម្ពុជា ខេត្តកំពង់ឆ្នាំង ដែលត្រូវផ្លាស់ប្ដូរមុខតំណែង ក្នុងគណបក្ស បានរាយការណ៍ អំពីសមិទ្ធផល របស់គណបក្សខេត្តកំពង់ឆ្នាំងកន្លងមក ជូនអង្គពិធីថា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យខេត្ត កំពង់ឆ្នាំង មានការអភិវឌ្ឍ លើគ្រប់វិស័យ ។
ដោយឡែក ក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្ស ប្រជាជនខេត្តកំពង់ឆ្នាំង បានធ្វើឱ្យកើនឡើង នូវចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ ។ ចំណែក ការងារកសាង បក្ស ក៏មានការរីកចំរើន។ ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ គឺគណបក្សប្រជាជន បានគ្រប់គ្រងទាំងស្រុង ចំនួន ៦៦ / ៧០ ឃុំសង្កាត់ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ដែលត្រូវបានប្រកាស អោយចូលកាន់មុខតំណែង ជាប្រធានគណៈកម្មា ធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានសំដែងនូវ អំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលមានទំនុកចិត្ត ប្រគល់មុខតំណែង ជូនលោកជាប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ។
ឆ្លើយតបចំពោះទំនុកចិត្តខាងលើ នេះ ឯកឧត្តម បាន ធ្វើការ ប្តេជ្ញាចិត្ត មួយចំនួន ជាពិសេស ប្ដេជ្ញាអនុវត្តនូវ កម្មវិធីនយោបាយ របស់គណបក្ស គោលការណ៍ ដឹកនាំរបស់ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ឲ្យក្លាយជាសកម្មភាព ជាក់ស្ដែង រស់រវើក ធានាបានជោគជ័យ ជូនគណបក្ស ។
នៅក្នុងពិធីនេះដែរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានផ្ដល់អនុសាសន៍ ដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនខេត្ត សូមឱ្យបន្តវេនដឹកនាំ គណបក្សខេត្ត ឲ្យបានល្អ ដោយត្រូវ ទទួលយកនូវបទពិសោធន៍ និងស្នាដៃល្អៗរបស់ ប្រធានគណបក្សចាស់ ដើម្បីយកទៅអនុវត្តបន្ត ឲ្យបានជោគជ័យ នូវគោលនយោបាយ របស់គណបក្ស ។
ត្រូវប្រតិបត្តិអោយ បានត្រឹមត្រូវនូវ លក្ខន្តិកៈ គោលនយោបាយ រាជរដ្ឋាភិបាល ច្បាប់របស់រដ្ឋ និងគោរពឱ្យបានម៉ឺងម៉ាត់ ការប្រជុំរបស់គណអចិន្ត្រៃយ៍ របស់បក្ស ដោយឈរលើលក្ខការណ៍សមូហភាពដឹកនាំ បុគ្គលទទួល ខុសត្រូវ ភាគតិចគោរពភាគច្រើន ទើបធ្វើឲ្យគណបក្ស មានភាពរឹងមាំ និងមានការអភិវឌ្ឍ រីកចម្រើន ។
ជាមួយគ្នានេះដែរ ត្រូវកំណត់របប ចុះមូលដ្ឋាន ឱ្យបានជាប្រចាំ ដើម្បីដោះស្រាយទុក្ខកង្វល់ ការលំបាកការខ្វះខាត និងតម្រូវការរបស់ ប្រជាពលរដ្ឋ ក្នុងបដិបទជំងឺកូវីដ ១៩ ក្នុងពេលនេះ ។
បានដូចខាងលើនេះ ប្រជាពលរដ្ឋ នឹងជំនឿជាក់ កាន់តែខ្លាំងៗ លើគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកដឹក នាំប្រទេសជាតិ ឲ្យមានសុខសន្តិភាព រហូតតទៅ ៕