ប្រទេសថៃមានវ៉ាក់សាំងចំនួន ៣ កំពុងស្ថិតក្នុងការធ្វើតេស្តលើមនុស្ស

តាមការចេញផ្សាយដោយសារព័ត៌មាន The Nation នៅរសៀលថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ គឺបានបញ្ជាក់អោយដឹងថា មជ្ឈមណ្ឌលព័ត៌មានស្ដីពី COVID-19 នៃរដ្ឋាភិបាលថៃបានឱ្យដឹងថា បច្ចុប្បន្នមានបេក្ខភាពវ៉ាក់សាំង COVID-19 ច្រើនជាង ២០ កំពុងស្ថិតនៅក្រោមការស្រាវជ្រាវ និងអភិវឌ្ឍ ខណៈវ៉ាក់សាំង ០៣ផ្សេងទៀតកំពុងស្ថិតនៅក្នុង ដំណាក់កាលធ្វើតេស្ដលើមនុស្ស។

បើតាមមជ្ឈមណ្ឌលខាងលើ បេក្ខភាពវ៉ាក់សាំង COVID-19 ដែលកំពុងស្ថិតនៅក្រោមដំណាក់កាល ធ្វើតេស្ដលើមនុស្សក្នុងនោះរួមមាន វ៉ាក់សាំង ជូឡាខូវ ១០ (ChulaCov19) ដែលជាប្រភេទវ៉ាក់ សាំងអភិវឌ្ឍឡើងដោយសកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) ដោយប្រើបច្ចេកវិទ្យា «MRNA»។

វ៉ាក់សាំងនេះ កំពុងស្ថិតក្នុងដំណាក់កាលទី ១ នៃការធ្វើតេស្ដលើអ្នកស្ម័គ្រចិត្តចំនួន ៧២នាក់។ ChulaCov19 គឺជាវ៉ាក់សាំងប្រភេទចាក់ ០២ដូស។

វ៉ាក់សាំងមួយទៀត គឺមានឈ្មោះបណ្តោះអាសន្នថា HXP-GPOVac ជាវ៉ាក់សាំងដែលអភិវឌ្ឍ ឡើងដោយមហាវិទ្យាល័យវេជ្ជសាស្ត្រត្រូពិក (Tropical Medicine) នៃសាកលវិទ្យាល័យ ម៉ាហ៊ីដុល (Mahidol) សហការជាមួយក្រុមហ៊ុនឱសថរដ្ឋថៃ GPO (Government Pharmaceutical Organization)។

HXP-GPOVac ជាប្រភេទវ៉ាក់សាំងតម្រូវឲ្យចាក់ ០២ដូស ដែលកំពុងស្ថិតនៅ ក្រោមការធ្វើតេស្ដ ដំណាក់កាលទី ២ លើអ្នកស័្មគ្រចិត្តចំនួន ៤៦០នាក់។
សម្រាប់វ៉ាក់សាំងចុងក្រោយគេគឺ ខូវីជែន (Covigen) ដែលជាប្រភេទវ៉ាក់សាំង DNA អភិវឌ្ឍឡើង ដោយក្រុមហ៊ុន បាយអូណេត អាស៊ី (Bionet Asia) និងក្រុមហ៊ុន ធិចណូវ៉ាលៀ (Technovalia) នៅប្រទេសថៃ។

វ៉ាក់សាងនេះកំពុងស្ថិតនៅក្រោម ការធ្វើតេស្ដដំណាក់កាលទី ១ លើអ្នកស័្មគ្រចិត្ត ចំនួន ១៥០នាក់ និងជាប្រភេទវ៉ាក់សាំងចាក់ ០២ដូស៕