អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ បានបន្តកិច្ចប្រជុំរបស់ខ្លួនលើផែនការត្រួតពិនិត្យការ ផ្តល់ការព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ ដើម្បីឲ្យដំណើរការ នៃការព្យាបាលនៅតាមផ្ទះនេះ មានគុណភាព និងសុវត្ថិភាព ដែលអាចទទួលយកបាន ខណៈដែលអ្នកជម្ងឺជាច្រើនលើសលុប ចង់ឲ្យមានការព្យាបាលតាមផ្ទះនេះ។
កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ តាមរយៈ Video Conference ក្រោមវត្តមានឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តម ង៉ូវ កាង អនុរដ្ឋលេខាធិ ការក្រសួងសុខាភិបាល នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ង៉ូវ កាង បានលើកឡើងថា «យើងបានឃើញថាក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ១៩ មិនមានការថមថយទេ តែបែរជាកើនឡើងខ្លាំង រហូតខ្វះកន្លែងទទួលអ្នកជម្ងឺ។ ដូច្នេះហើយ ទើបយើងបង្កើតឱ្យមានជាការ ព្យាបាលជម្ងឺនៅតាមផ្ទះនេះ។ ការព្យាបាលនៅតាមផ្ទះនេះជារឿងល្អមួយ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការគ្រប់គ្រង និងមើលការ ខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន ជាអ្នកទទួលខុសត្រូវ»។
អាជ្ញាធរខណ្ឌទាំង១៤ ជាអ្នកផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដោយបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាអន្តរាគមន៍ ជួយប្រជាពលរដ្ឋដែល ត្រូវការឲ្យជួយ ដោយជំងឺកូវីដ១៩ ពោលគឺនៅពេលមានបញ្ហាអ្វីមួយយើង ជួយពួកគាត់ទាន់ពេលវេលាតែម្តង។
ឯកឧត្តម កើត ឆែ បានលើកឡើងទៀតថា ការបន្តកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាឲ្យស៊ីសង្វាក់ គ្នារវាងអាជ្ញាធរជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធថា តើការបង្កើតឱ្យមានការព្យាបាលតាមផ្ទះហើយ យើងត្រូវអនុវត្តការជូនពួក គាត់បែបណា ដែលអាចឱ្យពួកគាត់ទទួលយកបាន។
ឯកឧត្តម បន្តថា «ក្រោយពីពិភាក្សាត្រូវគ្នាហើយ យើងនឹងបន្តយកទៅផ្សព្វផ្សាយបន្តដល់មន្ត្រី សង្កាត់ ខណ្ឌ ហើយនៅពេលដែលអាជ្ញាធរខណ្ឌសង្កាត់ បានយល់ពីការងារនេះហើយ ក្រុមការងារ នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីឲ្យសាធារណជនបានយល់ដឹងជាសាធារណៈ ជាមួយនឹងការ ជូនដំណឹងដល់ប្រជាពលរដ្ឋអោយចូលរួមជាមួយអាជ្ញាធរផងដែរ»។
សូមជម្រាបថា ការរៀបចំឲ្យមានការព្យាបាលអ្នកជំងឺកូវីដ១៩តាមផ្ទះនេះ ធ្វើឡើងស្របតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយការងារនេះ រាជធានីភ្នំពេញ បានឈានមួយជំហានទៅមុខ រួចហើយ ដែលមកដល់ពេលនេះមានអ្នកជំងឺ ប្រមាណជាង ៣០០នាក់ហើយ ដែលកំពុងសំរាកព្យាបាលនៅតាមផ្ទះ ពិសេសបងប្អូនអាជីវករផ្សារ អូឡាំពិក៕